ដាណឺម៉ាកនឹងផ្តល់យន្តហោះចម្បាំង F-35 ៤គ្រឿង ចូលរួមបេសកកម្ម NATO នៅតំបន់អាកទិក (Video inside)
14-02-2026 11:14
(កូប៉ិកហាក)៖ នាថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ រដ្ឋមន្រ្តីការពារជាតិនៃប្រទេសដាណឺម៉ាក លោក Troels Lund Poulsen បាននិយាយថា ដាណឺម៉ាកនឹងផ្តល់យន្តហោះចម្បាំង F-35 ៤គ្រឿង ចូលរួមបេសកកម្ម Arctic Sentry របស់អង្គការ NATO។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
កាលពីថ្ងៃពុធសប្តាហ៍នេះ NATO បានប្រកាសថា ខ្លួនបានចាប់ផ្តើមបេសកកម្មខាងលើ ដើម្បីពង្រឹងវត្តមាននៅតំបន់អាកទិក ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដើម្បីបន្ធូរបន្ថយភាពតានតឹង នៅក្នុងបក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ ដែលផ្តើមចេញពីមហិច្ឆតារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការចង់បានកោះ Greenland ពីប្រទេសដាណឺម៉ាក។
លោក Poulsen បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា «ការចូលរួមចំណែកយន្តហោះ F-35 របស់យើង នឹងពង្រឹងវត្តមានជារួមនៅក្នុងតំបន់ ហើយសង្កត់ធ្ងន់អំពីតួនាទីរបស់ដាណឺម៉ាក ក្នុងនាមជាសម្ព័ន្ធមិត្តសកម្មមួយ នៅអាកទិកនិងនៅភាគខាងជើងអាត្លង់ទិក»។ លោក Poulsen ក៏រំពឹងដែរថា សហរដ្ឋអាមេរិក នឹងចូលរួមចំណែកក្នុងបេសកកម្ម NATO នេះដូចគ្នា។
គួរបញ្ជាក់ថា ចាប់តាំងពីត្រឡប់មកកាន់អំណាចសាជាថ្មី កាលពីដើមឆ្នាំ២០២៥ លោក ត្រាំ បានទទូចម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិកត្រូវតែគ្រប់គ្រងកោះ Greenland ឱ្យបាន ដោយសារតែការគំរាមកំហែងសន្តិសុខពីរុស្ស៉ីនិងចិន ហើយរូបលោកថែមទាំងបានលើកឡើងថា អាចនឹងប្រើកម្លាំងយោធាប្រសិនបើចាំបាច់។ យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ លោក ត្រាំ ហាក់បានបោះបង់ការទទូចនោះវិញហើយ ជាពិសេសពាក់ព័ន្ធជម្រើសប្រើយោធា ក្រោយអះអាងថា ឈានដល់ការព្រមព្រៀងគ្នា ជាមួយប្រមុខ NATO៕






