ជប៉ុនដោះលែងកាពីទែនទូកនេសាទចិនវិញ ក្រោយឃាត់ខ្លួនបានមួយថ្ងៃ (Video inside)
14-02-2026 11:57
(តូក្យូ)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅប្រទេសជប៉ុន បានរាយការណ៍ថា អាជ្ញាធរជប៉ុនបានដោះលែងកាពីទែនទូកនេសាទចិនម្នាក់ កាលពីយប់ថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ពោលគឺមួយថ្ងៃក្រោយការចាប់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ទីភ្នាក់ងារកិច្ចការនេសាទជប៉ុន បានរឹបអូសទូកនេសាទចិន១គ្រឿង និងឃាត់ខ្លួនកាពីទែនទូក ដោយសារមិនព្រមអនុវត្តតាមបញ្ជាឱ្យឈប់ដើម្បីធ្វើការត្រួតពិនិត្យ។ ហេតុការណ៍នោះបានកើតឡើង កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ EEZ របស់ជប៉ុន ដែលជាទីតាំងមិនមានបញ្ហាវិវាទជាមួយចិន។
ក្រោយការចាប់ខ្លួន ចិនបានចេញមុខភ្លាមៗអំពាវនាវឱ្យជប៉ុន គោរពសុវត្ថិភាពនិងសិទ្ធិរបស់ក្រុមអ្នកនេសាទចិន។ នៅលើទូកនេសាទ ដែលត្រូវបានរឹបអូស មានមនុស្សសរុប១១នាក់។ សារព័ត៌មានជប៉ុន NHK និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដទៃទៀត បានរាយការណ៍ថា កាពីទែនទូកខាងលើ ដែលជាជនជាតិចិនឈ្មោះ Zheng Nianli អាយុ៤៧ឆ្នាំ ត្រូវបានដោះលែង បន្ទាប់ពីចិនបានផ្តល់ប្រាក់ធានា។
គួរបញ្ជាក់ថា វាគឺជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០២២មក ដែលជប៉ុនបានរឹបអូសទូករបស់ចិន ហើយករណីនេះកើតឡើង រយៈពេល៣ខែ បន្ទាប់ពីនាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi បានដុតបញ្ឆេះជម្លោះការទូតជាមួយទីក្រុងប៉េកាំង ដោយសារតែសម្តីពាក់ព័ន្ធកោះតៃវ៉ាន់។ កន្លងមក ករណីចាប់ខ្លួនកាពីទែនទូកនេសាទចិនម្នាក់ទៀត នៅក្បែរទីប្រជុំកោះមានវិវាទក្នុងតំបន់សមុទ្រចិនខាងកើត កាលពីឆ្នាំ២០១០ បានក្លាយជាឧប្បត្តិហេតុការទូតដ៏ធំមួយរវាងប្រទេសទាំងពីរ៕




