លោក ត្រាំ ថានាវាផ្ទុកយន្តហោះចម្បាំងអាមេរិកទី២ នឹងឆ្ពោះទៅមជ្ឈិមបូព៌ាក្នុងពេលឆាប់ៗ (Video inside)
14-02-2026 13:53
(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកកំពុងចាត់ចែងបញ្ជូន នាវាផ្ទុកយន្តហោះចម្បាំងទី២ ទៅកាន់តំបន់មជ្ឈិមបូព៌ា ស្របពេលដែលទីក្រុងវ៉ាស៉ីនតោនបង្កើនសម្ពាធលើអ៉ីរ៉ង់ ជុំវិញកម្មវិធីមីស៉ីលបាលិស្ទីគនិងនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Al Jazeera នាថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។
ថ្លែងនៅសេតវិមាននាថ្ងៃសុក្រ លោក ត្រាំ បាននិយាយថា នាវាផ្ទុកយន្តហោះចម្បាំង USS Gerald R Ford នឹងចាកចេញពីតំបន់សមុទ្រ Caribbean ទៅកាន់មជ្ឈិមបូព៌ាក្នុងពេលឆាប់ៗ ខណៈភាពភាពតានតឹងនៅតែបន្ត ទោះកិច្ចពិភាក្សាមិនដោយផ្ទាល់រវាងវ៉ាស៉ីនតោននិងតេហេរ៉ង់ បានប្រព្រឹត្តទៅនៅប្រទេសអូម៉ង់ កាលពីសប្តាហ៍មុនក៏ដោយ។
ការបញ្ជូននាវា Gerald R Ford គឺជាផ្នែកនៃយុទ្ធនាការបង្កើនវត្តមានយោធារបស់អាមេរិកនៅមជ្ឈិមបូព៌ា បន្ទាប់ពីនាវាផ្ទុកយន្តហោះចម្បាំង Abraham Lincoln រួមជាមួយនាវាពិឃាដ យន្តហោះចម្បាំង និងយន្តហោះឈ្លបការណ៍ ត្រូវបានបញ្ជូនទៅកាន់ទីនោះ អំឡុងពេលប៉ុន្មានសប្តាហ៍កន្លងទៅ។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយដូចខាងលើរបស់លោក ត្រាំ កើតមានឡើង បន្ទាប់ពីលោកបានជួបជាមួយនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu នៅទីក្រុងវ៉ាស៉ីនតោន។ លោក Netanyahu ធ្លាប់បានអំពាវនាវយ៉ាងទទូចចង់ឱ្យមានសកម្មភាពយោធាថែមទៀត ចាប់តាំងពីសង្រ្គាមផ្លូវអាកាសរយៈពេល១២ថ្ងៃ ប្រឆាំងនឹងអ៉ីរ៉ង់ កាលពីខែមិថុនា ឆ្នាំមុន ហើយពេលនោះ អាមេរិកក៏បានចូលរួមមួយភ្លែតផងដែរ ដោយទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរ៣កន្លែងរបស់អ៉ីរ៉ង់៕






