រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន អញ្ជើញសមភាគីចិនទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន និងថាទីក្រុងប៉េកាំងអាចជួយបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី (Video inside)

14-02-2026 15:34

(កៀវ)៖ នាថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បាននិយាយថា រូបលោកបានអញ្ជើញ​សមភាគីចិនទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ហើយលោកបានបន្ថែមថា ទីក្រុងប៉េកាំងអាចជួយស្វែងរកទីបញ្ចប់សម្រាប់សង្រ្គាម រយៈពេល៤ឆ្នាំជាមួយរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអ៊ុយក្រែន ក្រោយជំនួបជាមួយរដ្ឋមន្រ្តីការបរទេសចិន លោក ​Wang Yi អំឡុងសន្និសីទសន្តិសុខ Munich លោក Sybiha បាននិយាយថា ចិនអាចដើរតួនាទីសំខាន់ក្នុងការជួយនាំមកនូវ សន្តិភាពដែលមានយុត្តិធម៌សម្រាប់អ៊ុយក្រែន ហើយទីក្រុងកៀវអរគុណការគាំទ្ររបស់ចិន ចំពោះបូរណភាពទឹកដីនិងអធិបតេយ្យជាតិ​របស់អ៊ុយក្រែន។

ដោយឡែក ក្នុងសេចក្តីសង្ខេបរបសចិនស្តីពីជំនួបរវាងរដ្ឋមន្រ្តីការបរទេសទាំងពីរ លោក Wang បានប្រាប់លោក Sybiha ថា ប្រទេសចិនមានឆន្ទៈផ្តល់ជំនួយមនុស្សធម៌ថ្មីទៀត ដល់អ៊ុយក្រែន ប៉ុន្តែក្នុងនោះពុំមានការលើកឡើងអំពីការអញ្ជើញណាមួយ ស្តីពីការធ្វើទស្សនកិច្ចទៅកាន់ទីក្រុងកៀវឡើយ។

គួរបញ្ជាក់ថា ចិនមានទំនាក់ទំនងសេដ្ឋកិច្ចនិងសន្តិសុខជិតស្និទ្ធជាមួយរុស្ស៉ី ហើយបានបដិសេធចូលរួមការរិះគន់របស់អន្តរជាតិ និងការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើទីក្រុងមូស្គូ ជុំវិញការធ្វើសង្រ្គាមឈ្លានពាននៅអ៊ុយក្រែន៕