ប្រធានអ្នកសង្កេតការណ៍អឺរ៉ុប ថាការបោះឆ្នោតនៅបង់ក្លាដែសអាចជឿទុកចិត្តបាន

14-02-2026 16:50

(ព្រុចសែល)៖ ប្រធានក្រុមអ្នកសង្កេតការណ៍របស់សហភាពអឺរ៉ុប (EU) លោក Ivars Ijabs បាននិយាយថា ការបោះឆ្នោតសកលនៅប្រទេសបង់ក្លាដែស ដែលគណបក្សជាតិនិយម ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី គឺអាចជឿទុកចិត្តបាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។

លោក Ijabs បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ការបោះឆ្នោតជ្រើសរើសសមាជិកសភាឆ្នាំ២០២៦ គឺអាចជឿទុកចិត្តបាន និងរៀបចំគ្រប់គ្រងបានត្រឹមត្រូវ ដែលជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការស្តារឡើងវិញ នូវអភិបាលកិច្ចបែបប្រជាធិបតេយ្យក៏ដូចជា​នីតិរដ្ឋ»។ ការបោះឆ្នោតដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ជាការបោះឆ្នោតលើកដំបូង គិតចាប់តាំងពីបដិវត្តន៍ Gen Z កាលពីឆ្នាំ២០២៤ ដែលបានផ្តួលរំលំអតីតមេដឹកនាំកាន់អំណាចយូរមកហើយ គឺលោកស្រី Sheikh Hasina។

គួរបញ្ជាក់ថា នាថ្ងៃសៅរ៍នេះ គណបក្សអ៉ីស្លាមធំជាងគេនៅបង់ក្លាដែស ដែលបានប្រកាសទទួលយកលទ្ធផលបោះឆ្នោតផងដែរ បើកផ្លូវឱ្យមេដឹកនាំគណបក្សជាតិនិយមបង់ក្លាដែស លោក Tarique Rahman ក្លាយជានាយករដ្ឋមន្រ្តី៕