លោក Rubio ប្រាប់វេទិកាសន្តិសុខទីក្រុង Munich ថាសហរដ្ឋអាមេរិក និងអឺរ៉ុប នៅតែជាដៃគូនឹងគ្នា
14-02-2026 19:07
(Munich, អាល្លឺម៉ង់)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានថ្លែងសាររួបរួមមួយទៅកាន់អឺរ៉ុប នាថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈនេះថា ទីក្រុងវ៉ាស៊ីនតោនគ្មានចេតនាបោះបង់សម្ព័ន្ធភាពឆ្លងមហាសមុទ្រអាត្លង់ទិកឡើយ ប៉ុន្តែបណ្តាមេដឹកនាំអឺរ៉ុបមានកំហុសមួយចំនួនផ្នែកគោលនយោបាយ ដែលចាំបាច់ត្រូវតែមានការផ្លាស់ប្តូរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
សាររបស់ប្រមុខការទូតអាមេរិករូបនេះ បានធ្វើឡើងក្នុងឱកាសនៃវេទិកាសន្តិសុខប្រចាំឆ្នាំ ដែលរៀបចំឡើងក្នុងទីក្រុងមុយនិច (Munich) ប្រទេសអាល្លឺម៉ង់ ដោយមានការចូលរួមពីមន្ត្រីការទូត និងមន្ត្រីសន្តិសុខជាន់ខ្ពស់របស់អឺរ៉ុបជាច្រើនរូប។
លោក Rubio បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងពេលដែលគេនិយាយពីទីបញ្ចប់នៃសម័យកាលឆ្លងមហាសមុទ្រអាត្លង់ទិក សូមអ្នកទាំងអស់គ្នាដឹងថា នេះមិនមែនជាគោលដៅ ឬបំណងរបស់យើងទេ។ សម្រាប់សហរដ្ឋអាមេរិក ទោះបីផ្ទះរបស់យើងស្ថិតនៅអឌ្ឍគោលខាងលិច ប៉ុន្តែវាមានប្រភពដើមចេញពីអឺរ៉ុបជានិច្ច»។
នៅក្នុងសុន្ទរកថាដ៏ខ្លីនេះ លោក Rubio មិនបានលើកឡើងអំពីប្រទេសរុស្ស៊ី ដែលជាចំណុចក្ដៅនៃភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្ន ហើយក៏មិនបានបញ្ចេញឈ្មោះអង្គការណាតូ (NATO) ដែលជាប្លុកសន្តិសុខដ៏សំខាន់របស់តំបន់នោះដែរ។ ខ្លឹមសារនេះ ហាក់មានលក្ខណៈផ្ទុយស្រឡះពីសុន្ទរកថារបស់អនុប្រធានាធិបតី លោក JD Vance ក្នុងវេទិកានេះកាលពីឆ្នាំមុន ដែលកាលនោះលោកបានអះអាងថា គ្រោះថ្នាក់ដ៏ធំបំផុតសម្រាប់អឺរ៉ុប គឺកើតចេញពីការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ ច្រើនជាងការគំរាមកំហែងពីខាងក្រៅដូចជាប្រទេសរុស្ស៊ី។





