លោក ហ្សេលេនស្គី៖ អាមេរិកតែងនិយាយពីបញ្ហាធ្វេីសម្បទានជាមួយអ៊ុយក្រែន មិនមែនរុស្ស៉ី

14-02-2026 20:33

(Munich, អាល្លឺម៉ង់)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបង្ហាញក្តីសង្ឃឹមថា កិច្ចចរចាសន្តិភាពដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក នៅសប្តាហ៍ក្រោយក្នុងទីក្រុងហ្សឺណែវ នឹងចេញលទ្ធផលច្បាស់ ប៉ុន្តែលោកមានការព្រួយបារម្ភត្រង់ថាអ៊ុយក្រែន ត្រូវបានស្នេីញឹកញាប់ពេកឱ្យធ្វើសម្បទាន។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៦។

ក្នុងសុន្ទរកថានៅឯវេទិកាសន្តិសុខទីក្រុង Munic លោក ហ្សេនស្គី គូសបញ្ជាក់ដូច្នេះថា «យើងសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំត្រីភាគីនាសប្តាហ៍ក្រោយ នឹងផ្តល់នូវប្រយោជន៍សម្រាប់ទាំងអស់គ្នា ប៉ុន្តែនិយាយដោយស្មោះត្រង់ទៅ ពេលខ្លះមានអារម្មណ៍ថា ភាគីនានាកំពុងនិយាយរឿងខុសៗគ្នា។ សហរដ្ឋអាមេរិក តែងតែត្រឡប់ទៅប្រធានបទឱ្យធ្វេីសម្បទាន ហើយជាញឹកញាប់ដែរ សម្បទានទាំងនោះត្រូវបានពិភាក្សាតែក្នុងបរិបទអ៊ុយក្រែន មិនមែនរុស្ស៉ីទេ»

គួរបញ្ជាក់ថា នាថ្ងៃទី ២៤ ខែកុម្ភៈ ខាងមុខសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន នឹងមានរយៈពេល ៤ឆ្នាំពេញ។ សញ្ញានៃការបិទបញ្ចប់សង្រ្គាមហាក់ស្រពិចស្រពិល នៅឡេីយ បេីទោះបីជាមានកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដោយសហរដ្ឋអាមេរិកក៏ដោយ៕