អនាគតនាយករដ្ឋមន្ត្រីបង់ក្លាដែស ដាក់គោលដៅស្តារសេដ្ឋកិច្ច និងអភិបាលកិច្ចជាអាទិភាព

14-02-2026 21:48

(ដាក្កា)៖ នៅក្នុងការអត្ថាធិប្បាយជាសាធារណៈលើកដំបូង បន្ទាប់ពីគណបក្សជាតិនិយមបង់ក្លាដែស (BNP) ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសកល អនាគតនាយករដ្ឋមន្ត្រី លោក Tarique Rahman បានថ្លែងថា អាទិភាពការងាររបស់លោក រួមមានការកែលម្អសេដ្ឋកិច្ច ច្បាប់ សណ្តាប់ធ្នាប់ និងអភិបាលកិច្ច។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។

លោក Rahman បានប្រាប់ក្នុងសន្និសីទសារព័ត៌មានថា៖ «យើងមានបញ្ហាប្រឈមធ្ងន់ធ្ងរណាស់ ដែលត្រូវដោះស្រាយលើបញ្ហាសេដ្ឋកិច្ច ដើម្បីធានាឱ្យបាននូវអភិបាលកិច្ចល្អ»

នៅពេលត្រូវបានសាកសួរអំពីផែនការស្តារសេដ្ឋកិច្ច លោកបានបញ្ជាក់ថា នឹងមានការលើកទឹកចិត្តដល់ផ្នែកអាជីវកម្ម និងបង្កើតការងារបន្ថែម។ លោកក៏បានលើកឡើងដែរថា ប្រទេសចិនគឺជាមិត្តអភិវឌ្ឍន៍ ហើយលោកសង្ឃឹមថា ប្រទេសនានានឹងស្ថិតក្នុងគោលជំហរធ្វើការងាររួមគ្នា។

បើតាមក្រុមអ្នកវិភាគ ការលើកទឹកចិត្តផ្នែកសេដ្ឋកិច្ច នឹងតម្រូវឱ្យបង់ក្លាដែសបន្តពង្រឹងទំនាក់ទំនងជាមួយចិន។ ជ័យជម្នះរបស់គណបក្ស BNP ត្រូវបានអ្នកវិភាគមើលឃើញថា ជាឱកាសមួយដើម្បីស្តារស្ថិរភាពនយោបាយឡើងវិញ បន្ទាប់ពីមានចលាចលអស់ជាច្រើនខែ។

ទន្ទឹមនឹងការបោះឆ្នោតនេះដែរ ការធ្វើប្រជាមតិលើការកែប្រែរដ្ឋធម្មនុញ្ញ ក៏បានទាក់ទាញការចូលរួមយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាពលរដ្ឋ។ ក្នុងនោះ អ្នកបោះឆ្នោតបានសម្តែងការគាំទ្រចំពោះកំណែទម្រង់ដែលកម្រិតអាណត្តិនាយករដ្ឋមន្ត្រីត្រឹម ២ អាណត្តិ, ការពង្រឹងឯករាជ្យភាពនៃប្រព័ន្ធតុលាការ និងការលើកកម្ពស់តំណាងស្ត្រីក្នុងជួររដ្ឋាភិបាលផងដែរ៕