ប្រទេសអឺរ៉ុបចំនួន៥ អះអាងថាអតីតមេបក្សប្រឆាំងរុស្ស៉ី លោក Navalny ត្រូវបានគេបំពុលសម្លាប់ដោយជាតិពុលយកពីសត្វកញ្ចាញ់ចេក

15-02-2026 10:06

(មុយនិក)៖ ប្រទេសអឺរ៉ុបចំនួន៥ ក្នុងនោះរួមមានទាំងចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់បាននិយាយកាលពីថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ថាអតីតមេដឹកនាំគណបក្សប្រឆាំងនៅក្នុងប្រទេសរុស្ស៉ី លោក Alexei Navalny ត្រូវបានគេបំពុលសម្លាប់ដោយប្រើប្រាស់សារធាតុពុលយកចេញពីសត្វកញ្ចាញ់ចេកមួយប្រភេទ ហើយថារដ្ឋអំណាចរុស្ស៉ីជាប់សង្ស័យចម្បងជាងគេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Navalny ដែលជាអ្នករិះគន់រដ្ឋាភិបាលដឹកនាំដោយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ឥតសំច្ចៃមាត់ បានស្លាប់ក្នុងពន្ធនាគារមួយរបស់រុស្ស៉ីកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ អំឡុងរូបលោកអនុវត្តទោសជាប់ឃុំ១៩ឆ្នាំ។ នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយនៅឯសន្និសីទសន្តិសុខទីក្រុងមុយនិក ក្រុមប្រទេសអឺរ៉ុបទាំង៥ខាងលើ បានគូសបញ្ជាក់ដូច្នេះថា «ចក្រភពអង់គ្លេស ស៊ុយអែត បារាំង អាល្លឺម៉ង់ និងហូឡង់ ជឿថាលោក Alexei Navalny ត្រូវបានគេបំពុលសម្លាប់ដោយសារធាតុពុលម្យ៉ាង»។ តាមក្រុមប្រទេសអឺរ៉ុបទាំងនេះ សារធាតុពុលនោះត្រូវបានគេយក ចេញពីស្បែកសត្វកញ្ចាញ់ចេកម្យ៉ាងក្នុងតំបន់អាមេរិកខាងត្បូង ហើយសារធាតុពុលនេះទៀតសោតត្រូវបានរកឃើញតាមរយៈការវិភាគមន្ទីរពិសោធន៍លើសំណាកនៅលើរាងកាយរបស់លោក Navalny។

គួរបញ្ជាក់ថា វិមានក្រឹមឡាំងមិនបានធ្វើការអត្ថាធិប្បាយអ្វីទេលើការចោទប្រកាន់របស់ក្រុមប្រទេសអឺរ៉ុប ខណៈអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី និងស្ថានទូតរុស្ស៉ីប្រចាំទីក្រុងឡុងដ៍ បានច្រានចោលរបាយការណ៍របស់លោកខាងលិច។ លោក ពូទីន កាលពីឆ្នាំ២០២៤ បាននិយាយយ៉ាងខ្លីថាលោក Navalny បានស្លាប់ហើយ។ ការស្លាប់របស់លោក Navalny កើតមានឡើង មុនការបោះឆ្នោតប្រធានាធិបតីនៅរុស្ស៉ី៕