Axios៖ លោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ ឯកភាពគ្នាថាសហរដ្ឋអាមេរិកគួរតែកាត់បន្ថយការលក់ប្រេងរបស់អ៉ីរ៉ង់ទៅឱ្យចិន
15-02-2026 10:37
(វ៉ាស៊ីនតោន)៖ សារព័ត៌មានអាមេរិក Axios បានរាយការណ៍ថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានឯកភាពគ្នា ក្នុងជំនួបមួយនៅឯសេតវិមានកាលពីថ្ងៃពុធកន្លងទៅនេះថាសហរដ្ឋអាមេរិកគួរតែធ្វើការលើការកាត់បន្ថយការនាំចេញប្រេងរបស់អ៉ីរ៉ង់ទៅឱ្យចិន។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦។
Axios ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីអាមេរិក២នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ Axios បានគូសបញ្ជាក់ដោយផ្អែកលើការដកស្រង់សម្ដីពី មន្ត្រីម្នាក់ក្នុងចំណោមមន្ត្រីទាំង២នាក់ដូច្នេះថា «យើងបានឯកភាពគ្នាថានឹងធ្វើការដាក់សម្ពាធជាអតិបរមាប្រឆាំងនឹងអ៉ីរ៉ង់ ជាឧទាហរណ៍ដូចជាពាក់ព័ន្ធនឹងការលក់ប្រេងរបស់អ៉ីរ៉ង់ទៅឱ្យចិន»។
កាលពីឆ្នាំ២០២៥ ចិនត្រូវបានរាយការណ៍ថាបានទិញ ៨០ភាគរយនៃប្រេងដែលអ៉ីរ៉ង់នាំចេញ។ ដូច្នេះការកាត់បន្ថយណាមួយនៅក្នុងការធ្វើពាណិជ្ជកម្មបែបនេះ វានឹងធ្វើឱ្យអ៉ីរ៉ង់បាត់បង់ចំណូល។
ក្រុមមន្ត្រីការទូតមកពីសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ បានបើកកិច្ចចរចាស្ដីពីនុយក្លេអ៊ែរ ក្រោមការសម្របសម្រួលពីអូម៉ង់ កាលពីសប្ដាហ៍មុន នៅក្នុងកិច្ចប្រឹងប្រែងស្ដារការទូតឡើងវិញ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជូនកងនាវាចម្បាំងទៅកាន់តំបន់មជ្ឈិមបូព៌ា ខណៈយោធាអាមេរិកកំពុងត្រៀមលក្ខណៈសម្រាប់ការធ្វើប្រតិបត្តិការដែលអាចចាយពេល ច្រើនសប្ដាហ៍ប្រឆាំងនឹងអ៉ីរ៉ង់ ក្នុងករណីមានបញ្ជាពីលោក ត្រាំ៕







