ប្រមុខការទូតចិន៖ ចិនសង្ឃឹមថានឹងជំរុញទំនាក់ទំនងជាមួយអាល្លឺម៉ង់ ឈានដល់កម្រិតថ្មី

15-02-2026 11:49

(មុយនិក)៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានប្រាប់អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ថាទីក្រុងប៉េកាំងសង្ឃឹមថាអាចនឹងនាំទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង២ ទៅរក កម្រិតថ្មីមួយ ខណៈអ្នកទាំង២បានជួបគ្នានាឱកាសចូលរួមសន្និសីទសន្តិសុខទីក្រុងមុយនិក កាលពីថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Wang បានព្យាយាមបង្ហាញថាទីក្រុងប៉េកាំងគឺជាដៃគូដ៏គួរឱ្យទុកចិត្តបាន និងមានស្ថិរភាពរបស់សហភាពអឺរ៉ុប ស្របពេលប្លុកអឺរ៉ុបកំពុងព្យាយាមកាត់បន្ថយការពឹងផ្អែកទាំងលើចិន និងសហរដ្ឋអាមេរិកដែលឥលូវមិនអាចព្យាករបាន។ លោកប្រមុខការទូតចិនបានប្រាប់លោក Merz ថាចិនសង្ឃឹមថានឹងធ្វើការជាមួយអាល្លឺម៉ង់ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រទៅរកកម្រិតថ្មីមួយ។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសចិន។ សេចក្ដីថ្លែងការណ៍ដដែលបន្ថែមទៀតថា «ជាមួយការគាំទ្រពីបែរឡាំង ទីក្រុងប៉េកាំងក៏ចង់ត្រៀមលក្ខណៈសម្រាប់ដំណាក់កាលបន្ទាប់ នៃការផ្ដោះប្ដូរទំនាក់ទំនងកម្រិតខ្ពស់ផងដែរ»។ តាមលោក Wang ចិនគាំទ្រអាល្លឺម៉ង់ក្នុងការដើរតួនាទីយ៉ាងសំខាន់ក្នុងថែរក្សាយុទ្ធសាស្ត្រស្វ័យភាព និងពឹងផ្អែកលើខ្លួនឯង ហើយអាចនឹងក្លាយជា កម្លាំងជំរុញមួយសម្រាប់កិច្ចសហប្រតិបត្តិការវាងចិន និងអឺរ៉ុប។

គួរបញ្ជាក់ថា អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ត្រូវបានរាយការណ៍ថាមានគម្រោងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ក្នុងខែកុម្ភៈនេះ បន្ទាប់ពីមេដឹកនាអឺរ៉ុបបំពេញទស្សនកិច្ចនៅ ចិនជាបន្តបន្ទាប់៕