ប្រមុខការទូតអាមេរិក នឹងធ្វើទស្សនកិច្ចទៅកាន់តំបន់អឺរ៉ុបខាងកើត ដើម្បីជំរុញទំនាក់ទំនងជាមួយមេដឹកនាំគាំទ្រលោក ត្រាំ

15-02-2026 14:15

(មុយនិក)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio មានគម្រោងធ្វើទស្សនកិច្ចរយៈពេល២ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃអាទិត្យ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីជំរុញទំនាក់ទំនងជាមួយស្លូវ៉ាគី និងហុងគ្រី ដែលប្រទេសទាំង២នេះដឹកនាំដោយមេដឹកនាំអភិរក្សនិយមមិនសូវចុះសម្រុងជាមួយបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុបដទៃទៀត តែមានទំនាក់ទំនងល្អជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្នុងសេចក្ដីប្រកាសព័ត៌មានមួយកាលពីសប្ដាហ៍មុន ក្រសួងការបរទេសអាមេរិកបានឱ្យដឹងថាលោក Rubio នឹងប្រើប្រាស់ដំណើរទស្សនកិច្ចរបស់លោកដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការថាមពល និងបញ្ហាទំនាក់ទំនងទ្វេភាគី ក្នុងនោះរួមមានទាំងការប្ដេជ្ញាចិត្តរបស់ NATO។

គួរបញ្ជាក់ថា លោក Rubio ដែលកំពុងកាន់តំណែងជាទីប្រឹក្សាសន្តិសុខជាតិរបស់លោក ត្រាំផងនោះ នឹងត្រូវជួបនាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico ក្នុងទីក្រុង Bratislava នៅថ្ងៃអាទិត្យនេះ ហើយនៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ លោកប្រមុខការទូតអាមេរិកត្រូវបានរំពឹងថានឹងជួបជាមួយនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban។ ដំណើរទស្សនកិច្ចរបស់លោក Rubio ធ្វើឡើងបន្ទាប់ពីរូបលោកចូលរួមក្នុងសន្នីសីទសន្តិសុខទីក្រុងមុយនិក កាលពីប៉ុន្មានថ្ងៃមុននេះ៕