មន្ត្រីអ៉ីរ៉ង់ប្រាប់​ BBC៖ អ៉ីរ៉ង់បើកចំហចំពោះការធ្វើសម្បទាន ដើម្បីឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក

15-02-2026 16:08

(Reuters)៖ អនុរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Majid Takht-Ravanchi បាននិយាយថាអ៉ីរ៉ង់ត្រៀមខ្លួនជាស្រេចដើម្បីពិចារណាលើការធ្វើសម្បទាន ដើម្បីឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិក ប្រសិនបើទីក្រុងវ៉ាស៊ីនតោនមានឆន្ទៈបើកកិច្ចពិភាក្សាអំពីការដកទណ្ឌកម្មសេដ្ឋកិច្ច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦។

អ៉ីរ៉ង់កន្លងមកបានបញ្ជាក់ជារឿយៗថាខ្លួនបានត្រៀមលក្ខណៈជាស្រេច ដើម្បីពិភាក្សាលើការដាក់កំហិតលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរទៅនឹងការដកទណ្ឌកម្ម ប៉ុន្តែបានទទូចម្ដងហើយម្ដងទៀតថា ការចរចាមិនអាចធ្វើទៅបានឡើយពាក់ព័ន្ធនឹងបញ្ហាមួយចំនួន ជាពិសេសជុំវិញឃ្លាំងមីស៊ីលបាលិស្ទីគ។ លោក Takht-Ravanchi នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន BBC ក៏បានទទួលស្គាល់ ដែរថាកិច្ចចរចានុយក្លេអ៊ែរជុំទី២ នឹងត្រូវធ្វើឡើងនៅថ្ងៃអង្គារសប្ដាហ៍ក្រោយ ក្នុងទីក្រុងហ្សឺណែវ បន្ទាប់ពីទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោនបានចាប់ផ្ដើមកិច្ចពិភាក្សាឡើងវិញនៅអូម៉ង់ កាលពីដើម ខែកុម្ភៈនេះ។

គួរបញ្ជាក់ថា ប្រតិភូអាមេរិកក្នុងនោះរួមមានបេសកជនពិសេស លោក Steve Witkoff និងលោក Jared Kushner ជាកូនប្រសារប្រុសរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងត្រូវ ជួបសមភាគីអ៉ីរ៉ង់នៅព្រឹកថ្ងៃអង្គារសប្ដាហ៍ក្រោយ ដោយមានអ្នកតំណាងមកពីអូម៉ង់ជាអ្នកជួយសម្របសម្រួល៕