លោក ត្រាំ ប្រាប់លោក ណេតាន់យ៉ាហ៊ូ កាលពីខែធ្នូថានឹងគាំទ្រការវាយប្រហាររបស់អ៉ីស្រាអែលលើកម្មវិធីមីស៊ីលអ៉ីរ៉ង់ (Video inside)
16-02-2026 08:52
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ អំឡុងជំនួបមួយនៅឯភូមិគ្រឹះ Mar-a-Lago កាលពីខែធ្នូ ឆ្នាំ២០២៥ ថារូបលោកនឹងគាំទ្រការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើកម្មវិធីមីស៊ីលបាលិស្ទីគរបស់អ៉ីរ៉ង់ ប្រសិនបើកិច្ចព្រមព្រៀងមួយរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់មិនអាចសម្រេចបានទេនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអាមេរិក CBS News នៅថ្ងៃអាទិត្យ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦។
CBS News ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិកដែលបានចូលរួមក្នុងកិច្ចពិភាក្សាផ្ទៃក្នុងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ តាម CBS ២ខែក្រោយមកទៀត កិច្ចពិភាក្សាផ្ទៃក្នុងត្រូវបានធ្វើឡើងរវាងក្រុមមន្ត្រីជាន់ខ្ពស់ក្នុងជួរយោធា និងសហគមន៍ស៊ើបការណ៍សម្ងាត់អាមេរិក ដើម្បីសិក្សាពីលទ្ធភាពលើការគាំទ្រការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលប្រឆាំងអ៉ីរ៉ង់។
មន្ត្រីអាមេរិក២នាក់បានប្រាប់ CBS ថាសហរដ្ឋអាមេរិកអាចនឹងផ្ដល់ការគាំទ្រក្នុងនោះរួមមានការចាក់សាំងឱ្យយន្ដហោះចម្បាំងនៅលើអាកាស ព្រមទាំងធានានូវការអនុញ្ញាតពីបណ្ដាប្រទេសដទៃក្នុងតំបន់ដែលយន្ដហោះចម្បាំងអ៉ីស្រាអែលត្រូវហោះឆ្លងកាត់ទៅវាយអ៉ីរ៉ង់។
ក៏ប៉ុន្តែវាមិនទាន់ច្បាស់នោះទេថាតើមានប្រទេសណាខ្លះដែលនឹងអនុញ្ញាតឱ្យយន្ដហោះចម្បាំងអ៉ីស្រាអែលហោះឆ្លងកាត់នោះទេ។ ហ្ស៊កដានី អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម បានប្រកាសជាសាធារណៈថាពួកគេនឹងមិនអនុញ្ញាតឱ្យដែនអាកាសរបស់ពួកគេត្រូវបានប្រើប្រាស់នៅក្នុងការវាយប្រហារលើអ៉ីរ៉ង់នោះទេ។ អ៉ីរ៉ង់វិញ ក៏បានព្រមានដែរថានឹងបើកការវាយប្រហារសងសឹកលើមូលដ្ឋានទ័ពអាមេរិកក្នុងតំបន់ រួមទាំងប្រទេសណាដែលចូលរួមក្នុងការវាយប្រហារណាមួយលើទឹកដីអ៉ីរ៉ង់៕







