លោក Netanyahu ថាសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់រួចទាំងអស់ ត្រូវតែយកចេញពីអ៉ីរ៉ង់ (Video inside)

16-02-2026 09:33

(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ថាកិច្ចព្រមព្រៀងណាមួយរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ត្រូវតែតម្រូវឱ្យយកសារធាតុអ៊ុយរ៉ាញ៉ូមដែលត្រូវបានចម្រាញ់រួចទាំងអស់ចេញពីអ៉ីរ៉ង់ និងដាក់កំហិតលើសមត្ថភាពរបស់តេហេរ៉ង់កុំឱ្យចម្រាញ់អ៊ុយរ៉ាញ៉ូមបន្ថែម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការអត្ថាធិប្បាយរបស់លោក Netanyahu ធ្វើឡើងចំពេលរដ្ឋមន្ត្រការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi បានធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសស្វ៉ីស ដើម្បីចូលរួមកិច្ចចរចានុយក្លេអ៊ែរជុំទី២ជាមួយសហរដ្ឋអាមេរិកនៅក្នុងសប្ដាហ៍នេះ។ នៅក្នុងសុន្ទរកថាមួយនៅឯទីក្រុងហ្ស៊េរុយសាឡិម លោក Netanyahu បានបញ្ជាក់ថាកិច្ចព្រមព្រៀងណាមួយត្រូវតែបញ្ចូលធាតុផ្សំជាច្រើន ក្នុងនោះរួមមានត្រូវតែយកសារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់រួចទាំងអស់ចេញពីអ៉ីរ៉ង់ ហើយត្រូវធ្វើយ៉ាងណាកុំឱ្យអ៉ីរ៉ង់មានសមត្ថភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ព្រមទាំងបំផ្លាញចោលនូវបរិក្ខារ និងហេដ្ឋារចនាសម្ព័ន្ធដែលអនុញ្ញាតឱ្យតេហេរ៉ង់ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម។

បន្ថែមពីលើនេះ លោក Netanyahu ក៏បានទទូចឱ្យដោះស្រាយបញ្ហាឃ្លាំងមីស៊ីលបាលិស្ទីគរបស់អ៉ីរ៉ង់ផងដែរ។

គួរបញ្ជាក់ថា អ៉ីរ៉ង់ និងសហរដ្ឋអាមេរិកបានបើកកិច្ចចរចានុយក្លេអ៊ែរឡើងវិញ ក្នុងទីក្រុង Muscat នៃប្រទេសអូម៉ង់ កាលពីថ្ងៃទី៦ ខែកុម្ភៈ ក្រោយកិច្ចចរចាកន្លងមកបានដួលរលំ នៅពេលដែលអ៉ីស្រាអែលវាយប្រហារលើអ៉ីរ៉ង់កាលពីខែមិថុនា ឆ្នាំ២០២៥ ដោយបង្កទៅជាសង្រ្គាម១២ថ្ងៃ៕