មេដឹកនាំតៃវ៉ាន់ប្ដេជ្ញាពង្រឹងសមត្ថភាពយោធា ក្នុងសារអបអរបុណ្យចូលឆ្នាំចិន (Video inside)

16-02-2026 10:51

(តៃប៉ិ)៖ មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te បាននិយាយថាតៃវ៉ាន់នឹងពង្រឹងសមត្ថភាពការពារជាតិ និងការពារសន្តិសុខនៅឆ្នាំខាងមុខៗ នៅក្នុងផ្ញើសារអបអរសាទរបុណ្យចូលឆ្នាំចិនដែល ត្រូវបានចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសាររបស់លោក លោក Lai បានសង្កត់ធ្ងន់ទៀតថារូបលោកសូមអរគុណទៅដល់កងកម្លាំងប្រដាប់អាវុធតៃវ៉ាន់សម្រាប់ការការពារតៃវ៉ាន់នៅគ្រប់ពេលវេលា។ «យើងនឹងពង្រឹងសមត្ថភាព ការពារជាតិរបស់យើង សន្តិសុខជាតិ និងថែរក្សាស្ថិរភាពសង្គម»។ នេះជាការគូសបញ្ជាក់របស់លោក Lai Ching-te។ លោក Lai ដែលចិនចាត់ទុកថាជាជនឧទ្ទាមផ្ដាច់ខ្លួនមិនបានផ្ញើសារ អបអរសាទរទៅកាន់ចិននោះទេ នាឱកាសបុណ្យចូលឆ្នាំចិន។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៥ លោក Lai Ching-te បានស្នើសុំកញ្ចប់ថវិកាយោធា ៤០ពាន់លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពយោធាទប់ទល់នឹងចិន។ ប៉ុន្តែមកទល់នឹងពេលនេះ ក្រុមគណបក្សប្រឆាំងដែលកំពុងគ្រប់គ្រងរដ្ឋសភា បានច្រានចោលសំណើនេះ និងកំពុងជំរុញសំណើកញ្ចប់ថវិកាយោធាមួយរបស់ខ្លួនដែលមានទំហំតូចជាង និងដែលអនុញ្ញាតឱ្យតៃវ៉ាន់ទិញ អាវុធមួយចំនួនប៉ុណ្ណោះពីសហរដ្ឋអាមេរិកដែលលោក Lai ត្រូវការ៕