មីយ៉ាន់ម៉ា នឹងបណ្តេញអ្នកតំណាងប្រទេសទីម័រឡេស្តេ ជុំវិញការស៉ើបអង្កេតឧក្រិដ្ឋកម្មសង្រ្គាមលើយោធាមីយ៉ាន់ម៉ា (Video inside)

16-02-2026 11:47

(យ៉ាងហ្គោន)៖ កាលពីអាទិត្យចុងសប្តាហ៍កន្លងទៅនេះ របបសឹកមីយ៉ាន់ម៉ា បានប្រកាសពីការបណ្តេញអ្នកតំណាងកំពូលរបស់ប្រទេសទីម័រឡេស្ត បន្ទាប់ពីអង្គការសិទ្ធិមនុស្សមួយនិយាយថា ទីម័រឡេស្តបាននិងកំពុងបើកសំណុំរឿងផ្លូវច្បាប់ ប្រឆាំងយោធាមីយ៉ាន់ម៉ាពីបទឧក្រិដ្ឋកម្មសង្គ្រាម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃចន្ទ ទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៦។

​អង្គការ​ CHRO ដែលតំណាងឱ្យសហគមន៍ជនជាតិភាគតិច Chin បាន​ឱ្យដឹងនៅក្នុង​ខែ​នេះ​ថា ទីម័រឡេស្តេបើក​សំណុំរឿង​ផ្ទាល់ខ្លួន​ប្រឆាំង​នឹងយោធានៃ​របប​សឹកមីយ៉ាន់ម៉ា​ ទាំង​បទឧក្រិដ្ឋកម្ម​សង្រ្គាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។ នៅក្នុងសេចក្តីថ្លែងការណ៍ របបសឹកមីយ៉ាន់ម៉ាបានលើកឡើងថា ការតែងតាំងរដ្ឋអាជ្ញាមួយរូប ដើម្បីស៉ើបអង្កេតករណីនេះ គឺជារឿងគួរឱ្យខកចិត្តយ៉ាងខ្លាំង។

សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា ភារធារីរបស់ទីម័រឡេស្តេ ត្រូវបានកោះហៅកាលពីថ្ងៃសុក្រ ហើយត្រូវបានទុកពេលមួយសប្តាហ៍ឱ្យចាកចេញពីមីយ៉ាន់ម៉ា។ យោងតាមអង្គការ ​​CHRO ទីម័រឡេស្តេស៉ើបអង្កេតដោយផ្អែកលើភស្តុតាងមិនអាចប្រកែកបាន នៃអំពើរំលោភសេពសន្ថវៈដោយក្មេងទំនើង ការសម្លាប់រង្គាលមនុស្ស ១០នាក់ ការសម្លាប់មន្ត្រីសាសនា និងការវាយប្រហារតាមអាកាសលើមន្ទីរពេទ្យ។

គួរបញ្ជាក់ថា យោធាមីយ៉ាន់ម៉ា ដែលដណ្តើមអំណាចក្នុងរដ្ឋប្រហារឆ្នាំ ២០២១ ត្រូវបានចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្ស ដែលភាគច្រើនផ្តោតលើជនជាតិភាគតិចរបស់ប្រទេសនេះ។ បច្ចុប្បន្ន មីយ៉ាន់ម៉ាកំពុងការពារខ្លួន ពីការកាត់ទោសនៅតុលាការយុត្តិធម៌អន្តរជាតិ ជុំវិញបទចោទប្រកាន់ប្រល័យពូជសាសន៍ ប្រឆាំងនឹងជនជាតិភាគតិចមូស្លីមរ៉ូហ៉ីងយ៉ា៕