លោក ហ្សេលេនស្គី ថាសម្ព័ន្ធមិត្តនឹងផ្តល់ជំនួយយោធានិងថាមពលថ្មីដល់អ៊ុយក្រែន មុនខួប៤ឆ្នាំនៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ី (Video inside)

16-02-2026 13:57

(កៀវ)៖ នាថ្ងៃអាទិត្យ ទី១៥ ខែកុម្ភៈ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងថា ក្រុមសម្ព័ន្ធមិត្តនៅអឺរ៉ុប បានព្រមព្រៀងផ្តល់កញ្ចប់ជំនួយផ្នែកយោធានិងថាមពលថ្មីបន្ថែម នៅមុនគម្រប់ខួប៤ឆ្នាំនៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ី ដែលត្រូវចំ​ថ្ងៃទី២៤ ខែកុម្ភៈ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក ហ្សេលេនស្គី បានបង្ហោះសារនៅលើបណ្តាញសង្គម X ដូច្នេះថា «នៅទីក្រុង Munich យើងបានឯកភាពគ្នាជាមួយ​បណ្តាមេដឹកនាំនៃកិច្ចពិភាក្សា Berlin Format ស្តីពីកញ្ចប់ជំនួយជាក់លាក់ពាក់ព័ន្ធថាមពលនិងយោធា សម្រាប់អ៊ុយក្រែន នៅមុនថ្ងៃទី២៤ ខែកុម្ភៈ»

កាលពីថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីកិច្ចប្រជុំ Berlin Format ដែលមានការចូលរួមពីក្រុមមេដឹកនាំអឺរ៉ុបជាង១០រូប នៅទីក្រុង Munich នៃប្រទេសអាល្លឺម៉ង់ លោកប្រធានាធិបតីអ៊ុយក្រែន បានបង្ហាញក្តីសង្ឃឹមចំពោះការផ្តល់ជំនួយថ្មីៗ ក្នុងនោះ​រួមមានទាំងប្រព័ន្ធការពារដែនអាកាស។

គួរបញ្ជាក់ថា ទីក្រុងកៀវកំពុងព្យាយាមប្រមែប្រមូលការគាំទ្របន្ថែមពីដៃគូ ស្របពេលដែលខ្លួនបន្តតស៊ូទប់ទល់ ការវាយលុករបស់រុស្ស៉ី​នៅលើសមរភូមិ និងការវាយប្រហារតាមផ្លូវអាកាសមកលើប្រព័ន្ធថាមពល ហើយកំពុងតែស្ថិតក្រោមសម្ពាធរបស់សហរដ្ឋអាមេរិក ដើម្បីចរចាស្វែងរកសន្តិភាព។

ការវាយប្រហាររបស់រុស្ស៉ីលើទីក្រុងធំៗ រួមមានទាំងរដ្ឋធានីកៀវ បានធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន រងការខូចខាតធ្ងន់ធ្ងរ ជាហេតុនាំឱ្យមនុស្សរាប់លាននាក់ គ្មានអគ្គិសនីប្រើប្រាស់ ក្រោមអាកាសធាតុដ៏ត្រជាក់។ បើតាមលោក ហ្សេលេនស្គី រុស្ស៉ីបានប្រើប្រាស់ដ្រូនប្រហែល១៣០០គ្រឿង គ្រាប់បែក១២០០គ្រាប់ និងមីស៉ីលបាលិស្ទីគរាប់សិបគ្រាប់ វាយប្រហារមកលើអ៊ុយក្រែន អំឡុងរយៈពេល១សប្តាហ៍កន្លងមកនេះ៕