អូស្រ្តាលីគ្រោងចំណាយ ២.៧ពាន់លានដុល្លារអាមេរិក ជំរុញកិច្ចប្រឹងប្រែងឆ្ពោះទៅផលិតនាវាមុជទឹកនុយក្លេអ៊ែរ
16-02-2026 15:40
(កង់បេរ៉ា)៖ កាលពីថ្ងៃអាទិត្យ ទី១៥ ខែកុម្ភៈ អូស្រ្តាលីបាននិយាយថា ខ្លួននឹងចំណាយថវិកា ៣.៩ពាន់លានដុល្លារអូស្រ្តាលី ឬស្មើនឹង២.៧៦លានដុល្លារអាមេរិក ដើម្បីជំរុញដំណើរការសាងសង់រោងចក្រផលិតនាវាមួយកន្លែង ដែលនឹងជួយដល់ការផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ នៅក្រោមកិច្ចព្រមព្រៀងការពារជាតិត្រីភាគី AUKUS ជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ដោយត្រូវបានប្រកាសតាំងពីឆ្នាំ២០២១ AUKUS គឺជាការវិនិយោគធំបំផុតរបស់អូស្រ្តាលីក្នុងវិស័យការពារជាតិ ហើយនៅក្រោមកិច្ចព្រមព្រៀងនោះ នឹងឃើញនាវាមុជទឹកថ្នាក់ Virginia-class បញ្ជាដោយអាមេរិក ឈរជើងនៅអូស្រ្តាលីចាប់ពីឆ្នាំ២០២៧, នាវាមុជទឹក Virginia ប៉ុន្មានគ្រឿង នឹងត្រូវលក់ឱ្យអូស្រ្តាលី នៅអំឡុងឆ្នាំ២០៣០ ហើយអង់គ្លេសនិងអូស្រ្តាលី រួមគ្នាសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរថ្នាក់ថ្មីសន្លាងមួយ។
នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese បានចាត់ទុកថវិកាខាងលើជាកញ្ចប់ថវិកាដំបូង ក្នុងកិច្ចប្រឹងប្រែងសាងសង់រោងចក្រផលិតនាវាថ្មីមួយកន្លែង នៅតំបន់ Osborne ដែលស្ថិតក្នុងរដ្ឋ South Australia។ លោក Albanese បាននិយាយថា ការវិនិយោគក្នុងរោងចក្រផលិតនាវាមុជទឹកនេះ គឺមានសារសំខាន់ជាខ្លាំងដើម្បីនាំមកនូវ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់អូស្រ្តាលី។ បើតាមលោក Albanese ការវាយតម្លៃផ្លូវការនៃទំហំការចំណាយសរុប លើការសាងសង់រោងចក្រនោះ គឺខ្ទង់៣០ពាន់លានដុល្លារអូស្រ្តាលី សម្រាប់អំឡុងពេលប៉ុន្មានទសវត្សរ៍ខាងមុខ។
គួរបញ្ជាក់ថា ការសាងសង់កងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរសម្រាប់អូស្រ្តាលី គឺជាធាតុផ្សំស្នូលនៃកិច្ចព្រមព្រៀង AUKUS ហើយនៅលើពិភពលោក មានតែប្រទេសមួយចំនួនតូចប៉ុណ្ណោះ ដែលធ្វើប្រតិបត្តិការនាវាមុជទឹកប្រភេទនេះ៕






