នេប៉ាល់ ចាប់ផ្តើមយុទ្ធនាការឃោសនា សម្រាប់ការបោះឆ្នោតសកលលើកដំបូង ក្រោយបដិវត្តន៍ Gen Z ឆ្នាំ២០២៥ (Video inside)

16-02-2026 16:52

(កដ្ឋមណ្ឌូ)៖ បេក្ខជនឈរឈ្មោះបោះឆ្នោតនេប៉ាល់ បានចាប់ផ្តើមយុទ្ធនាការរបស់ពួកគេ នាថ្ងៃចន្ទ ទី១៦ ខែកុម្ភៈ សម្រាប់ការបោះឆ្នោតសកលលើកដំបូង ចាប់តាំងពីបាតុកម្មប្រឆាំងអំពើពុករលួយដ៏សាហាវ បានផ្តួលរំលំរដ្ឋាភិបាលមុន កាលពីឆ្នាំ ២០២៥។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោកស្រី Sushila Karki ដែលកាន់តំណែងជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន រហូតដល់ថ្ងៃបោះឆ្នោត ទី៥ ខែមីនា បាននិយាយក្នុងពិធីបើកយុទ្ធនាការថា «ការបោះឆ្នោតនឹងគូសពីអនាគតប្រទេស»។ យុទ្ធនាការពីរសប្តាហ៍នេះ គេនឹងឃើញវត្តមានបេក្ខជនវ័យក្មេងថ្មីៗជាច្រើននាក់ ដែលសន្យាធ្វើឱ្យមានការផ្លាស់ប្តូរ មកប្រកួតប្រជែងជាមួយអ្នកនយោបាយជើងចាស់ ដែលនិយាយថាពួកគេផ្តល់នូវស្ថិរភាព និងសន្តិសុខសម្រាប់នេប៉ាល់។

អភិបាលក្រុង និងជាអតីតតារារ៉េប លោក Balenndra Shah អាយុ ៣៥ឆ្នាំ ត្រូវតទល់ជាមួយលោក K.P. Sharma Oli អតីតនាយករដ្ឋមន្ត្រីនេប៉ាល់។ លោក Shah ជាបេក្ខជនមកពីគណបក្ស Rastriya Swatantra (RSP) ដែលជាបក្សធំបំផុតទី ៤ ក្នុងសភាចុងក្រោយរបស់នេប៉ាល់។ រាប់ចាប់ពីការស្លៀកពាក់ លោក Shah គឺនិមិត្តរូបនៃយុវជនផ្លាស់ប្តូររបបនយោបាយ។

ដោយឡែក គណបក្ស Rastriya Prajatantra (RPP) ដែលទាក់ទាញនូវការគាំទ្រ តាមរយៈក្តីនឹករលឹកចំពោះរបបរាជានិយម និងការខកចិត្តចំពោះសង្គមនយោបាយចម្រុះ បានប្រមូលផ្តុំគ្នារាប់ពាន់នាក់ក្នុងទីក្រុង Kathmandu កាលពីថ្ងៃសុក្រ ខណៈអតីតព្រះមហាក្សត្របានបង្ហាញខ្លួនពីក្នុងរថយន្ត ដែលបើកដង្ហែយុទ្ធនាការតាមដងផ្លូវ។

គួរបញ្ជាក់ថា មនុស្សជិត ១៩លាននាក់បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត។ អ្នកបោះឆ្នោតនឹងជ្រើសរើសសមាជិកសភាតំណាងរាស្រ្ត តំណាងឱ្យ ២៧៥អាសនៈ ដែលសភាជាន់ទាបមាន ១៦៥ តាមរយៈការបោះឆ្នោតដោយផ្ទាល់ និង ១១០អាសនៈ តាមរយៈតំណាងសមាមាត្រ។ មានបេក្ខជនឈរឈ្មោះមានជាង ៣ ៤០០នាក់ ដោយ ៣០ភាគរយគឺមានអាយុក្រោម ៤០ឆ្នាំ៕