ព្យុះនៅប្រទេសនូវែលសេឡង់ រំខានដល់ជើងហោះហើរ និងប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីសម្រាប់មនុស្សរាប់ពាន់នាក់
16-02-2026 18:43
(វែលីងតោន)៖ ព្យុះភ្លៀង រួមជាមួយខ្យល់បោកបក់ខ្លាំង បានរំខានដល់ជើងហោះហើរ សេវាកម្មរថភ្លើង និងស្រឡាង ព្រមទាំងបង្ខំឱ្យអាជ្ញាធរបិទផ្លូវថ្នល់ជាច្រើនកន្លែង នៅទូទាំងផ្នែកខ្លះនៃ (North Island) របស់ប្រទេសនូវែលសេឡង់ នាថ្ងៃចន្ទ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា ជើងហោះហើរមួយចំនួនបានដំណើរការឡើងវិញនាពេលរសៀល ចេញពីអាកាសយានដ្ឋានក្នុងរដ្ឋធានី Wellington ទោះបីជាការលុបចោលនៅតែមានបន្តបន្ទាប់ បន្ទាប់ពីជើងហោះហើរភាគច្រើននៅពេលព្រឹកត្រូវបានរំខាន។ រូបភាពលើបណ្តាញសង្គមបានបង្ហាញពីទឹកជំនន់នៅក្នុងទីប្រជុំជនជនបទមួយ ដោយបានជន់លិចផ្ទះសម្បែង និងមានដើមឈើរលំសង្កត់លើរថយន្តផងដែរ។
លោក Ken Cooper ជំនួយការមេបញ្ជាការជាតិនៃសេវាសង្គ្រោះបន្ទាន់ បាននិយាយថា តំបន់រដ្ឋធានី Wellington មានការហៅទូរស័ព្ទសង្គ្រោះបន្ទាន់ជាច្រើនលើក។ បើតាមអាជ្ញាធរ អគារជាង ៣០,០០០ ខ្នង គ្មានថាមពលអគ្គិសនីប្រើប្រាស់ ខណៈដែលសាលារៀនជាច្រើនត្រូវបានបិទទ្វារ។ ការិយាល័យឧតុនិយមបានព្យាករថា ព្យុះនេះនឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត នៅពេលវាធ្វើដំណើរឆ្ពោះទៅកាន់ឆ្នេរសមុទ្រភាគខាងកើតនៃកោះខាងជើង នាថ្ងៃអង្គារ ដែលអាចបង្កឱ្យមានការរំខានកាន់តែខ្លាំង។







