EU បដិសេធបំណងអ៊ុយក្រែន ដែលចង់ដឹងពីកាលបរិច្ឆេទជាក់លាក់ សម្រាប់ការចូលជាសមាជិក (Video inside)
16-02-2026 19:26
(Munich)៖ ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី Kaja Kallas បានលើកឡើងថា លោកស្រីគិតថា រដ្ឋាភិបាលនៃប្លុក EU មិនទាន់រួចរាល់ទេសម្រាប់ការផ្តល់កាលបរិច្ឆេទជាក់លាក់ឱ្យអ៊ុយក្រែន ទាក់ទងនឹងបញ្ហាចូលជាសមាជិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៦។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ចង់ឱ្យមានការដាក់ចេញនូវកាលបរិច្ឆេទជាក់លាក់ មុននឹងសម្រេចចិត្តចុងក្រោយ លើកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៉ី។ នៅឯវេទិកាសន្តិសុខទីក្រុង Munich លោកស្រី Kallas បញ្ជាក់ថា «តាមខ្ញុំគិត រដ្ឋជាសមាជិកមិនទាន់ត្រៀមខ្លួនរួចរាល់ទេ ក្នុងការផ្តល់កាលបរិច្ឆេទ។ វាមានការងារច្រើនដែលត្រូវធ្វើ»។
គួរបញ្ជាក់ថា បើតាមក្រុមអ្នកការទូតលោកខាងលិច សមាជិកភាពអ៊ុយក្រែនក្នុង EU នៅឆ្នាំ ២០២៧ ត្រូវបានបញ្ចូលទៅក្នុងផែនការសន្តិភាព ២០ចំណុច ដែលកំពុងត្រូវបានពិភាក្សារវាងសហរដ្ឋអាមេរិក អ៊ុយក្រែន និង EU ដែលជាវិធានការមួយ ដើម្បីធានាបាននូវវិបុលភាពសេដ្ឋកិច្ចអ៊ុយក្រែន បន្ទាប់ពីបញ្ចប់សង្គ្រាម។
ប៉ុន្តែរដ្ឋាភិបាលភាគច្រើននៃប្លុក យល់ថាការកំណត់កាលបរិច្ឆេទជាក់លាក់ មិនអាចធ្វើទៅបានទេ ពីព្រោះការចូលជាសមាជិក គឺជាដំណើរការផ្អែកលើគុណសម្បត្តិ ហើយអាចឆ្ពោះទៅមុខ នៅពេលដែលការកែសម្រួលច្បាប់របស់ប្រទេសមួយ អាចខិតទៅរកស្តង់ដាររបស់ EU ប៉ុណ្ណោះ៕





