វិមានក្រឹមឡាំង ច្រានចោលការចោទប្រកាន់របស់ក្រុមលោកខាងលិច ដែលថាខ្លួនបានបំពុលសម្លាប់មេបក្សប្រឆាំងរុស្ស៉ី លោក Nalvany កាលពី២ឆ្នាំមុន (Video inside)

17-02-2026 09:23

(មូស្គូ)៖ កាលពីថ្ងៃចន្ទ ទី១៦ ខែកុម្ភៈ វិមានក្រឹមឡាំងបានច្រានចោលការចោទប្រកាន់ពីក្រុមប្រទេសអឺរ៉ុបចំនួន៥ ដែលថារដ្ឋអំណាចរុស្ស៉ី គឺជាអ្នកសម្លាប់មេបក្សប្រឆាំង​លោក Alexei Navalny កាលពី២ឆ្នាំមុន ដោយប្រើប្រាស់សារធាតុពុល យកចេញមកពីសត្វកញ្ចាញ់ចេកមួយប្រភេទ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ចក្រភពអង់គ្លេស បារាំង​ អាល្លឺម៉ង់ ស៊ុយអែត និងហូឡង់ បាននិយាយថា ការវិភាគធ្វើតេស្តលើ​សំណាកបានមកពីសាកសពរបស់លោក Navalny បានបញ្ជាក់ឱ្យឃើញពីវត្តមានសារធាតុពុលម៉្យាង ហៅថា epibatidine ដែលមាននៅក្នុងខ្លួនសត្វកញ្ចាញ់ចេករស់នៅតំបន់អាមេរិកខាងត្បូង ហើយជាទូទៅមិនមានក្នុងប្រទេសរុស្ស៉ីទេ។

ប្រទេសអឺរ៉ុបទាំង៥ខាងលើ បាននិយាយថា លោក Navalny បានស្លាប់ពេលកំពុងជាប់ឃុំក្នុងពន្ធនាគារ ដែលបានន័យថា រដ្ឋអំណាចរុស្ស៉ីមានមធ្យោបាយ ហេតុផល និងឱកាស ដើម្បីដាក់សារធាតុពុលនេះ ដើម្បីសម្លាប់រូបលោក។ យ៉ាងណាមិញ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានចេញមុខច្រានចោល ការចោទប្រកាន់របស់ក្រុមលោកខាងលិច ដោយនិយាយថា «ជាធម្មតា យើងមិនទទួលយកការចោទប្រកាន់បែបនេះទេ។ យើងមិនយល់ស្របឡើយ។ យើងចាត់ទុក​ការចោទប្រកាន់នេះ ថាមានលក្ខណៈលម្អៀង និងពុំមានមូលដ្ឋានអ្វីទាំងអស់។ យើងបដិសេធដាច់អហង្ការ»

គួរបញ្ជាក់ថា លោក Navalny បានបាត់បង់ជីវិត កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅពន្ធនាគារក្នុងតំបន់អាកទិក ចម្ងាយខ្ទង់​ជិត២០០០គីឡូម៉ែត្រពីភាគឦសានទីក្រុងមូស្គូ។ លោកមានអាយុ៤៧ឆ្នាំ។ ការស្លាប់របស់លោក ដែលរដ្ឋាភិបាលរុស្ស៉ីអះអាងថា កើតឡើងដោយឯកឯង គឺចំពេលខ្វះតែមួយខែប៉ុណ្ណោះ មុនការបោះឆ្នោតប្រធានាធិបតីរុស្ស៉ី ដែលលោក វ៉្លាឌីមៀ ពូទីន បានបន្តទទួលជ័យជម្នះភ្លូកទឹកភ្លូកដី សម្រាប់អាណត្តិទី៥៕