រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ រិះគន់បារាំងជុំវិញការចំណាយលើវិស័យយោធា (Video inside)

17-02-2026 10:20

(បែរឡាំង)៖ កាលពីថ្ងៃចន្ទ ទី១៦ ខែកុម្ភៈ រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul បានរិះគន់ការចំណាយលើវិស័យយោធារបស់បារាំង ដោយស្នើឱ្យទីក្រុងប៉ារីសបង្កើនការប្រឹងប្រែងបន្ថែមទៀត ដើម្បីប្រែក្លាយការអំពាវនាវកសាងអធិបតេយ្យសន្តិសុខសម្រាប់អឺរ៉ុប ឱ្យទៅជាសមត្ថភាពជាក់ស្តែង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោក Wadephul បាននិយាយថា លោកប្រធានាធិបតីបារាំង Emmanuel Macron បានលើកឡើងម្តងហើយម្តងទៀត អំពីកិច្ចប្រឹងប្រែងដើម្បីកសាងអធិបតេយ្យសន្តិសុខនៅអឺរ៉ុប ដែលជារឿងត្រឹមត្រូវ ប៉ុន្តែអ្នកនិយាយអំពីរឿងនេះ ក៏គួរតែធ្វើសកម្មភាពឱ្យសមស្រប នៅក្នុងប្រទេសពួកគេផ្ទាល់ផងដែរ។

ទោះបីក្រុមសមាជិក NATO នៅអឺរ៉ុប បានសន្យាកាលពីខែមិថុនា ឆ្នាំមុន ថានឹងដំឡើងការចំណាយលើវិស័យយោធានិងសន្តិសុខ ឱ្យបានដល់អត្រា ៥ភាគរយនៃ GDP គិតត្រឹមឆ្នាំ២០៣៥ លោក Wadephul បាននិយាយថា មកទល់ពេលនេះ គឺនៅខ្វះវឌ្ឍនភាពនៅឡើយ។

លោករដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ បាននិយាយចំៗថា «គួរឱ្យសោកស្តាយ កិច្ចប្រឹងប្រែងនៅប្រទេសបារាំង ក៏មិនទាន់គ្រប់គ្រាន់ដែរ ដើម្បីសម្រេចគោលដៅនេះ គិតមកទល់ឥឡូវ។ បារាំងចាំបាច់ត្រូវធ្វើអ្វី ដែលពួកយើងកំពុងតែធ្វើនៅទីនេះ ជាមួយកិច្ចពិភាក្សាលំបាកៗ»

កាលពីឆ្នាំមុន អាល្លឺម៉ង់បានលើកលែងភាគច្រើននៃការចំណាយលើវិស័យការពារជាតិ ពីពិដានបំណុលដែលកំណត់ដោយរដ្ឋធម្មនុញ្ញរបស់ខ្លួន ហើយកញ្ចប់ថវិកាបច្ចុប្បន្នព្យាករថា ទីក្រុងបែឡាំងនឹងចំណាយដល់ជាង៥០០ពាន់លានអឺរ៉ូ ទៅលើវិស័យការពារជាតិចន្លោះឆ្នាំ​២០២៥ និងឆ្នាំ២០២៩។ ដោយឡែក ព្រោះតែស្ថិតក្រោមសម្ពាធហិរញ្ញវត្ថុ បារាំងមានចន្លោះតិចតួច ដើម្បីអនុញ្ញាតឱ្យខ្លួនធ្វើការបត់បែន។ បារាំងស្ថិតនៅលំដាប់ទី៣ក្នុងសហភាពអឺរ៉ុប ដែលមានបន្ទុកបំណុលខ្ពស់ជាងគេ បើគិតពីផលធៀបជាមួយ GDP បន្ទាប់ពីក្រិកនិងអ៉ីតាលី គឺលើសស្ទើរតែទ្វេដង​នៃអត្រា៦០ភាគរយ ដែលកំណត់ដោយសន្ធិសញ្ញារបស់សហភាពអឺរ៉ុប។

គួរបញ្ជាក់ថា ការរិះគន់របស់លោក Wadephul ក៏បង្ហាញឱ្យឃើញពីស្នាមប្រេះថ្មីចុងក្រោយមួយទៀតផងដែរ ក្នុងទំនាក់ទំនងរវាងមហាអំណាចអឺរ៉ុបទាំងពីរ ស្របពេលសម្ព័ន្ធភាពអាល្លឺម៉ង់-បារាំងមានភាពរកាំរកូស ខណៈតាំងពីដើមមក វាគឺជាម៉ាស៉ីនរុញច្រាននៃកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប៕