EU នឹងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពរបស់លោក ត្រាំ ប៉ុន្តែនឹងមិនក្លាយជាសមាជិកទេ (Video inside)
17-02-2026 11:33
(ព្រុចសែល)៖ សហភាពអឺរ៉ុប (EU) នឹងចូលរួមក្នុងកិច្ចប្រជុំលើកដំបូងនាសប្តាហ៍នេះ នៃក្រុមប្រឹក្សាសន្តិភាពរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប៉ុន្តែអ្នកនាំពាក្យ EU បានបន្តអះអាងកាលពីថ្ងៃចន្ទ ទី១៦ ខែកុម្ភៈថាទីក្រុងព្រុចសែលនឹងមិនចូលជាសមាជិកទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ស្នងការអឺរ៉ុបទទួលបន្ទុកតំបន់មេឌីទែរ៉ាណេ លោកស្រី Dubravka Suica នឹងធ្វើដំណើរទៅទីក្រុងវ៉ាស៉ីនតោន ដើម្បីតំណាងឱ្យ EU ក្នុងកិច្ចប្រជុំនាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ អ្នកនាំពាក្យ EU លោក Guillaume Mercier បាននិយាយថា លោកស្រីនឹងចូលរួមក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់ផ្នែកជាក់លាក់ដែលនិយាយអំពីតំបន់ហ្កាហ្សា ហើយលោកបញ្ជាក់ថា គណៈកម្មការអឺរ៉ុប ដែលជាស្ថាប័ននីតិប្រតិបត្តិកំពូលរបស់ EU នឹងមិនក្លាយជាសមាជិកនៃក្រុមប្រឹក្សាសន្តិភាពទេ។ លោក Mercier បានបន្ថែមថា គណៈកម្មការអឺរ៉ុប ចូលរួមក្រោមក្របខណ្ឌ នៃការប្តេជ្ញាយូរមកហើយរបស់ខ្លួន ចំពោះការអនុវត្តបទឈប់បាញ់ហ្កាហ្សា និងការគាំទ្រកិច្ចប្រឹងប្រែងជួសជុលស្ថាបនា ក៏ដូចជាក្រោយការស្តារឡើងវិញ នៅហ្កាហ្សា។
គួរបញ្ជាក់ថា ប្រតិភូមកពីប្រទេសប្រហែលជាង២០ មានទាំងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ត្រូវបានរំពឹងថា នឹងចូលរួមកិច្ចប្រជុំខាងលើ។ ក្រុមប្រឹក្សាសន្តិភាពរបស់លោកប្រធានាធិបតីអាមេរិក ដំបូងឡើយត្រូវបានផ្តួចផ្តើមឡើង ដើម្បីតែចាត់ចែងទៅលើការអនុវត្តបទឈប់បាញ់ និងការស្ថាបនាឡើងវិញនៅដែនដីប៉ាឡេស្ទីនហ្កាហ្សាប៉ុណ្ណោះ បន្ទាប់ពីសង្រ្គាមដ៏អាក្រក់រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស។ ប៉ុន្តែក្រោយមក គោលបំណងរបស់ក្រុមប្រឹក្សានេះ ក៏ត្រូវបានពង្រីកបន្ថែមដើម្បីដោះស្រាយជម្លោះផ្សេងៗ នៅជុំវិញពិភពលោក៕







