ភាពរស់រវើកនៃ AI ក្នុងកម្មវិធីរាត្រីសមោសរទទួលអំណរឆ្នាំមមី បង្ហាញពីបច្ចេកវិទ្យានិងសិល្បៈចិនកាន់តែអច្ឆរិយៈ

17-02-2026 16:56

(ប៉េកាំង)៖ «រាត្រីសមោសរទទួលអំណរឆ្នាំថ្មីប្រពៃណីចិន» ដែលបានចាប់កំណើតតាំងពីឆ្នាំ១៩៨៣ គឺជាជំហាន នៃនវានុវត្តវប្បធម៌របស់ចិននាសម័យទំនើបរបស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ហើយបានពាំនាំដែលមិនត្រឹមតែក្តីសង្ឃឹម ដល់ប្រជាជាតិចិនដែលបាននិងកំពុងត្រៀមខ្លួនរួចរាល់ ទទួលអំណរឆ្នាំថ្មីប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាវេទិកាសំខាន់មួយ ពីមួយដំណាក់កាលទៅមួយដំណាក់កាល សម្រាប់ការរួមបញ្ចូលបច្ចេកវិទ្យាទៅក្នុងទម្រង់ពហុចម្រុះ នៃវប្បធម៌ប្រពៃណីចិនក្នុងយុគសម័យថ្មី។

បទពិសោធន៍សម្បូរបែបនិងភាពច្នៃប្រឌិតនៃវិទ្យាសាស្រ្តបច្ចេកវិទ្យារបស់ចិន ត្រូវបានរំលេចបញ្ចូលទៅក្នុងកម្មវិធីសម្តែងសិល្បៈ ក្នុងរាត្រីសមោសរនេះ សម្រាប់បញ្ជាក់ពីសក្ខីភាពនូវទំហំសុភមង្គល កម្រិតវិបុលភាពជីវភាពរបស់ប្រជាជនចិនដល់ ពិភពលោកទាំងមូល។ តាមរយៈការបង្ហាញសិល្បៈប្រកបដោយភាពច្នៃប្រឌិតនេះ ប្រជាជនចិនរួមជាមួយជនបរទេសបានទស្សនា យ៉ាងរីករាយនិងពោរពេញដោយក្តីសង្ឃឹមចំពោះអនាគតដ៏ភ្លឺស្វាង របស់ប្រទេសចិនក្រោមការដឹកនាំប្រកបដោយត្រីវិស័យដ៏ត្រឹមត្រូវ ក្រៃលែងរបស់បក្សកុម្មុយនិស្តចិន។

«រាត្រីសមោសរទទួលអំណរឆ្នាំថ្មីប្រពៃណីចិន» ដែលជាកម្មវិធីអាទិភាពសំខាន់មួយរបស់នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិននៃរាត្រីមុនការមកដល់ ឆ្នាំថ្មីតែងបានទាក់ទាញអារម្មណ៍របស់ប្រជាជនចិនក្នុងចរន្ត នៃវិញ្ញាណសាមគ្គីភាពក្នុងគ្រួសារ ភាពសប្បាយរីករាយជាមួយមិត្តភក្តិ និងមោទកភាពជាតិក្នុងភាពលន្លង់លន្លោច តាមរយៈការសម្តែងសិល្បៈដោយបានរួមបញ្ចូលបច្ចេកវិទ្យា AI។ ឆាកសម្តែងឆ្នាំ២០២៦នៃរាត្រីសមោសរទទួលអំណរឆ្នាំមមី ប្រទេសចិនបានបញ្ចូលបច្ចេកវិទ្យាសម្រាប់បង្កើតទិដ្ឋភាពទាក់ទាញ និងទំនិញភាពបែបនវានុវត្តថ្មីៗ ដូចជា មនុស្សយន្តឆ្លាតវៃដែលសម្តែងរបាំ សម្តែងក្បាច់គុនបុរាណចិន ការតម្លើងសិល្បៈដែលមានលំនាំរូបសេះ រាប់ពាន់ក្បាលរត់ក្នុងទម្រង់ដ៏ស្វាហាប់ ក្នុងល្បឿនដ៏លឿនក្នុងដែនដីរបស់ប្រទេសចិនពោរពេញ ដោយបៃតងភាពស្របតាមរបៀបវារៈ នៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ដោយនេះមិនត្រឹមបង្ហាញពីវឌ្ឍនភាពបច្ចេកវិទ្យាថ្មី របស់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងរំលេចពីអំណាចសុខដុមនីយកម្មដ៏ខ្លាំងក្លា របស់ប្រជាជាតិចិនតាមរយៈសូចនាករ ដែលបានគូសបញ្ជាក់ក្នុងឆ្នាំ២០២៥ថាមានប្រមាណជាង $១៣,៩០០ដុល្លារអាមេរិក ហើយកំពុងបន្តកំណើនតាមរយៈ ផែនការជាតិ៥ឆ្នាំលើកទី១៥ដែលប្រទេសចិន កំពុងអនុវត្តចាប់ពីឆ្នាំ២០២៦នេះ។

«រាត្រីសមោសរទទួលអំណរឆ្នាំថ្មីប្រពៃណីចិន» ឆ្នាំ២០២៦ ឆ្នាំមមី តាមរយៈបច្ចេកវិទ្យាAI នោះអ្នកបច្ចេកទេស និងសិល្បករចិនអាចបង្កើតសិល្បៈដែលផ្លាស់ប្ដូរបានដោយស្វ័យប្រវត្តិ ដើម្បីឆ្លើយតបទៅនឹងបរិយាកាស និងការចូលរួមរបស់ទស្សនិកជន។ វិធីសាស្ត្ររបស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិននេះ មិនត្រឹមបង្កើនភាពទាក់ទាញនៃកម្មវិធីទេ ថែមទាំងបង្កើនឱកាសឲ្យសិល្បករ និងអ្នកបច្ចេកទេសមានសេរីភាព ក្នុងការបង្ហាញនូវការច្នៃប្រឌិតថ្មីៗ បែបដែលស្របទៅនឹងបច្ចេកវិទ្យា និងវប្បធម៌ក្នុងយុគសម័យសតវត្សរ៍ទី២១ ដែលជាសតវត្សរ៍ចិនទៀតផង។ ជាតថភាព បច្ចេកវិទ្យា AI បានចូលរួមក្នុងគ្រប់ទិដ្ឋភាព ទាំងអស់របស់ប្រទេសចិន លើគ្រប់វិស័យ លើគ្រប់មុខងារ ហើយបានឆក់ស្រូបទាញយកដួងចិត្ត របស់មនុស្សជាតិតាមរយៈការបញ្ចូលទៅក្នុងសិល្បៈចិន ដែលលទ្ធភាពនេះបានជះឥទ្ធិពលយ៉ាងខ្លាំង ដល់សង្គមមនុស្សជាតិដោយវាមិនត្រឹមបង្កើតបរិយាកាសសប្បាយរីករាយ និងជួយពង្រឹងការតភ្ជាប់សហគមន៍នៅក្នុងប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងបាននាំមនុស្សជាតិយល់កាន់តែស៊ីជម្រៅ ពីការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ដូចទៅនឹង លទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៤ ដោយមិនត្រឹមបង្ហាញពី «ទំហំ» នៃទិន្នន័យអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិចិន ក្នុងកំណើន៥%ប៉ុណ្ណោះទេ ថែមទាំងផ្តោតយ៉ាងសំខាន់លើ «គុណភាព»នៃការអភិវឌ្ឍសេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយរបស់មនុស្សជាតិ បន្តបោះជំហានឆ្ពោះទៅមុខឈានទៅសម្រេចបាន គោលដៅដ៏មហិមាស្តីពីការធ្វើទំនើបកម្មតាមបែបផែនចិន។

ជារួម «រាត្រីសមោសរទទួលអំណរឆ្នាំថ្មីប្រពៃណីចិន ឆ្នាំមមី» ដែលបានរៀបចំឡើងដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ជាគំរូល្អនៃការរួមបញ្ចូលបច្ចេកវិទ្យា និងវប្បធម៌ប្រពៃណី ដោយបញ្ជាក់យ៉ាងច្បាស់ថា បច្ចេកវិទ្យាAIបាននិងកំពុងក្លាយជា ឧបករណ៍សំខាន់ក្នុងការរក្សា និងបង្កើនតម្លៃវប្បធម៌បុរាណ កែលម្អឧត្តមានុភាពជាតិចិន និងបង្កើនទំនាក់ទំនងសកល នៅលើឆាកអន្តរជាតិ។ ជាសច្ចភាពដែលយើងមិនអាចប្រកែកបាន នោះគឺ «រាត្រីសមោសរទទួលអំណរឆ្នាំថ្មីប្រពៃណីចិន»ដែលមិនត្រឹមតែជាការបង្ហាញសិល្បៈប៉ុណ្ណោះទេ ថែមទាំងជាវេទិកាដ៏មានតម្លៃសម្រាប់ការបង្រៀន ការច្នៃប្រឌិត និងការផ្សព្វផ្សាយវប្បធម៌ចិនទៅកាន់សហគមន៍មនុស្សជាតិ ដែលកំពុងទទួលអំណរជាមួយជនជាតិចិន៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន