លោក ហ្សេលេនស្គី ស្រងាកចិត្តដែលលោក ត្រាំ ដាក់សម្ពាធជ្រុលហួសហេតុលើរូបលោក (Video inside)
18-02-2026 11:49
(Reuters)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់សម្ពាធជ្រុលហួសហេតុលើរូបលោកក្នុងពេលព្យាយាមស្វែងរក ដំណោះស្រាយដើម្បីបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជិត៤ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ហ្សេលេនស្គី នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអាមេរិក Axios ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ក៏បានលើកឡើងដែរថាផែនការណាមួយដែលតម្រូវ ឱ្យអ៊ុយក្រែនបោះបង់ចោលទឹកដីរបស់ខ្លួនដែលរុស្ស៉ីមិនមែនកំពុងកាន់កាប់ក្នុងតំបន់ដុនបាសស្ថិតនៅភាគខាងកើតអ៊ុយក្រែន នឹងត្រូវបានបដិសេធដោយប្រជាជនអ៊ុយក្រែន ប្រសិនបើផែនការនោះត្រូវ ដាក់ឱ្យធ្វើការបោះឆ្នោតប្រជាមតិ។
Axios បានដកស្រង់សម្ដីលោក ហ្សេលេនស្គី ដែលបាននិយាយថាវាមិនយុត្តិធម៌នោះទេដែលលោក ត្រាំបន្តអំពាវនាវជាសាធារណៈលើអ៊ុយក្រែន មិនមែនរុស្ស៉ី ឱ្យធ្វើសម្បទាននៅក្នុងលក្ខខណ្ឌ នៃកិច្ចចរចាសម្រាប់ផែនការសន្តិភាពមួយ។ «ខ្ញុំសង្ឃឹមថាវាគ្រាន់តែជាវិធីសាស្ត្ររបស់លោក (លោក ត្រាំ) ប៉ុណ្ណោះ និងមិនមែនជាការសម្រេចចិត្តនោះទេ»។ នេះជាការបន្ថែមរបស់លោក ហ្សេលេនស្គី ក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទជាមួយ Axios ខណៈក្រុមអ្នកចរចាអ៊ុយក្រែន និងអាមេរិកបានបើកកិច្ចចរចាក្នុងទីក្រុងហ្សឺណែវ។
គួរបញ្ជាក់ថា លោក ត្រាំ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានអំពាវនាវដល់ទៅ២ដង ឱ្យអ៊ុយក្រែន និងលោក ហ្សេលេនស្គី ធ្វើសកម្មភាពជាក់ស្ដែងដើម្បីធានាថាកិច្ចចរចានឹងទទួលបានជោគជ័យ។ ដោយឡែក បើតាមលោក ហ្សេលេនស្គី លោក ត្រាំ ធ្វើបែបនេះ នោះគឺប្រហែលដោយសារតែការដាក់សម្ពាធលើអ៊ុយក្រែន មានភាពងាយស្រួលជាងការដាក់សម្ពាធលើរុស្ស៉ី។ តែទោះជាយ៉ាងណា លោក ហ្សេលេនស្គី បានអរគុណលោក ត្រាំ សម្រាប់កិច្ចប្រឹងប្រែងស្វែងរកសន្តិភាព៕





