បារាំង និងឥណ្ឌា អួតពីភាពរីកចម្រើនក្នុងទំនាក់ទំនង ខណៈលោក ម៉ូឌី ក្រាលព្រំក្រហមទទួលលោក ម៉ាក្រុង (Video inside)
18-02-2026 14:20
(មុំបៃ)៖ បារាំង និងឥណ្ឌា បានចាត់ទុកទំនាក់ទំនងរវាងប្រទេសទាំង២ ជាកម្លាំងមួយសម្រាប់ស្ថិរភាពសកល ខណៈប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ចាប់ផ្ដើមដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ ទៅកាន់ប្រទេសឥណ្ឌា ដោយផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា និងការពារជាតិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
សក្ដានុពលនៃកិច្ចព្រមព្រៀងទិញ-លក់យន្ដហោះចម្បាំងមានតម្លៃរាប់ពាន់លានដុល្លារក៏ត្រូវបានរំពឹងថានឹងស្ថិតនៅតុពិភាក្សាផងដែរ ស្របពេលក្រុមមន្ត្រីបារាំងដែលអមដំណើរលោក ម៉ាក្រុង បានបង្ហាញទំនុកចិត្តថា កិច្ចសន្យាទិញយន្ដហោះចម្បាំង Rafales ចំនួន១១៤គ្រឿងអាចនឹងត្រូវបានបង្ហើយ។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានបន្ទាប់ជំនួបជាមួយ លោក ម៉ាក្រុង ក្នុងទីក្រុង Mumbai នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បាននិយាយថា «នៅក្នុងពិភពលោកចលាចលដូចសព្វថ្ងៃ នេះគឺជាភាពដៃគូមួយសម្រាប់ស្ថិរភាពសកល»។
ដោយឡែក លោក ម៉ាក្រុងវិញ បានលើកឡើងថាការរីកចម្រើនគួរឱ្យកត់សម្គាល់នៃទំនាក់ទំនងជាមួយឥណ្ឌា កើតមានឡើងជាការឆ្លើយតបទៅនឹងការប្រែប្រួលសណ្ដាប់ធ្នាប់ពិភពលោក។
គួរបញ្ជាក់ថា មុនដំណើរទស្សនកិច្ចរបស់លោក ម៉ាក្រុង មេដឹកនាំនៃប្រទេសទាំង២ បានហៅគ្នាទៅវិញទៅមកថាជាមិត្តសម្លាញ់ ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម។ នេះគឺជាដំណើរទស្សនកិច្ចលើកទី៤ របស់លោក ម៉ាក្រុងទៅកាន់ឥណ្ឌា ចាប់តាំងពីឡើងកាន់តំណែងជាប្រធានាធិបតីបារាំងកាលពីឆ្នាំ២០១៧៕




