កូរ៉េខាងត្បូង ថាជនស៊ីវិលបង្ហោះដ្រូនចូលដីកូរ៉េខាងជើង ៤ដង កំពុងបំផ្លាញទំនាក់ទំនងអន្តរកូរ៉េ (Video inside)

18-02-2026 15:34

(សេអ៊ូល)៖ រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង លោក Chung Dong-young នៅថ្ងៃពុធ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ បាននិយាយថាជនស៊ីវិល៣នាក់ បានបង្ហោះដ្រូនចូលក្នុងទឹកដីកូរ៉េខាងជើងចំនួន៤ដង ចាប់តាំងពីប្រធានាធិបតី លោក Lee Jae Myung ស្បថចូលកាន់តំណែងកាលពីឆ្នាំ២០២៥ ដែលនេះជាទង្វើ កំពុងបំផ្លាញដល់ទំនាក់ទំនងអន្តរកូរ៉េ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Chung ដោយផ្អែកលើការស៊ើបអង្កេតមួយកំពុងធ្វើឡើងដោយប៉ូលិស បានឱ្យដឹងថាជនស៊ីវិលទាំង៣នាក់បានបង្ហោះដ្រូនចូលក្នុងទឹកដីកូរ៉េខាងជើង នៅចន្លោះ ពីខែកញ្ញា ឆ្នាំ២០២៥ ដល់ខែមករា ឆ្នាំ២០២៦។ ក្នុងនោះមានដ្រូនបានធ្លាក់ក្នុងទឹកដីកូរ៉េខាងជើងចំនួន២លើក ដូចគ្នាទៅនឹងការអះអាងរបស់ទីក្រុងព្យុងយ៉ាង។ ចំណែក ក្នុងការប៉ុនប៉ង២លើកផ្សេងទៀត ដ្រូនបានហោះត្រឡប់ទៅកាន់ទីក្រុង Paju របស់កូរ៉េខាងត្បូង បន្ទាប់ពីហោះលើទីក្រុង Kaesong របស់កូរ៉េខាងជើង។

អាជ្ញាធរកូរ៉េខាងត្បូងកំពុងស៊ើបអង្កេតលើជនស៊ីវិលទាំង៣នាក់ខាងលើ ក្រោមការសង្ស័យពីការបំពានច្បាប់សុវត្ថិភាពអាកាសចរណ៍ និងបទល្មើសព្រហ្មទណ្ឌតាមរយៈការធ្វើសកម្មភាពផ្ដល់ផលចំណេញដល់សត្រូវ។ បន្ថែមពីលើនេះ មន្ត្រីមួយចំនួនក្នុងស្ថាប័នទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធា និងសេវាស៊ើបការណ៍សម្ងាត់ជាតិ កូរ៉េខាងត្បូង ក៏កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតផងដែរ ជុំវិញការចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងជនស៊ីវិលទាំង៣នាក់ខាងលើ។

គួរបញ្ជាក់ថា កូរ៉េខាងជើងបានបង្ហាញការខឹងសម្បារយ៉ាងខ្លាំង ដោយនិយាយកាលពីខែមករាថាដ្រូនមានប្រភពមកពីកូរ៉េខាងត្បូងបានហោះបំពានចូលដែនអាកាសរបស់ខ្លួន បន្ទាប់ពីដ្រូនមួយគ្រឿងផ្សេងទៀតបានហោះទន្ទ្រានចូលកាលពីខែកញ្ញា ឆ្នាំ២០២៥។ ប្អូនស្រីរបស់លោក គីម ជុងអ៊ុន គឺអ្នកនាង គីម យូជុង បានជំរុញឱ្យទីក្រុងសេអ៊ូល បើកការស៊ើបអង្កេតលើឧបទ្ទវហេតុដ្រូន ជាមួយការព្រមានថាសកម្មភាពបង្កហេតុអាចនឹងនាំទៅរកស្ថានការណ៍ដ៏គួរឱ្យតក់ស្លុត៕