ក្រុមហ៊ុនអាមេរិក និងឥណ្ឌូណេស៉ី ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគតម្លៃ ៧ពាន់លានដុល្លារ
19-02-2026 11:52
(វ៉ាស៉ីនតោន)៖ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (USABC) បានឱ្យដឹងថា ក្រុមហ៊ុនឥណ្ឌូណេស៉ី និងសហរដ្ឋអាមេរិក បានចុះកិច្ចព្រមព្រៀងដែលមានតម្លៃជាង ៧ពាន់លានដុល្លារ មួយថ្ងៃមុនពេលមានជំនួបនៃប្រធានាធិបតីឥណ្ឌូណេស៉ី Prabowo Subianto ជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដើម្បីសម្រេចលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៦។
កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅពេលទទួលទានអាហារពេលល្ងាចសម្រាប់ លោក Prabowo ដែលរៀបចំដោយសភាពាណិជ្ជកម្មអាមេរិក រួមមានការបញ្ជាទិញដោយក្រុមហ៊ុនឥណ្ឌូនេស៉ី នូវសណ្តែកសៀងចំនួន ១លានតោន ពោត ១.៦លានតោន និងកប្បាស ៩៣ ០០០តោនរបស់សហរដ្ឋអាមេរិក។ ឥណ្ឌូណេស៉ី ក៏នឹងទិញស្រូវសាលីចំនួន ១លានតោនពីអាមេរិកនៅឆ្នាំនេះ និងរហូតដល់ ៥លានតោននៅឆ្នាំ ២០៣០ ផងដែរ។
USABC បានឱ្យដឹងទៀតថា កិច្ចព្រមព្រៀងនេះរួមមានអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមរុករករ៉ែរបស់សហរដ្ឋអាមេរិក Freeport-McMoRan ជាមួយក្រសួងវិនិយោគឥណ្ឌូណេស៉ីសម្រាប់កិច្ចសហប្រតិបត្តិការរ៉ែសំខាន់ៗ និងកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនផលិតប្រេងរដ្ឋឥណ្ឌូណេស៉ី Pertamina និងក្រុមហ៊ុនអាមេរិក Halliburton Co ដើម្បីសហការលើការស្ដារអណ្តូងប្រេង។ វាក៏រួមបញ្ចូលផងដែរនូវកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នាលេីបន្ទះឈីប រួមទាំងការបណ្តាក់ទុនរួមគ្នាក្នុងវិស័យបច្ចេកវិទ្យា៕




