រដ្ឋ New Mexico នៃសហរដ្ឋអាមេរិក កំពុងស៉េីបអង្កេតការចោទប្រកាន់ ដែលថាមានការកប់សាពសពនារីបរទេស នៅក្បែរកសិដ្ឋានរបស់ពិរុទ្ធជនល្មោភកាម Epstein

19-02-2026 13:59

(New Mexico)៖ ក្រសួងយុត្តិធម៌នៃរដ្ឋ New Mexico បានប្រកាសពីការស៊ើបអង្កេតការចោទប្រកាន់មួយដែលមានក្នុងឯកសារចេញផ្សាយថ្មីចុងក្រោយរបស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ស្តីពីសំណុំរឿងអាស្រូវផ្លូវភេទ Jeffrey Epstein ដោយពិរុទ្ធជន Epstein បានបញ្ជាឱ្យកប់សាកសពក្មេងស្រីបរទេសពីរនាក់ នៅខាងក្រៅកសិដ្ឋានដាច់ស្រយាលមួយកន្លែងរបស់គាត់ក្នុងរដ្ឋ New Mexico។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ឆ្នា ំ ២០២៦។

New Mexico កំពុងធ្វេីការស៉េីបអង្កេតយ៉ាងទូលំទូលាយលើកដំបូងលើការចោទប្រកាន់ថាពិរុទ្ធជន Epstein បានរំលោភបំពានផ្លូវភេទលើកុមារី និងស្ត្រីនៅឯកសិដ្ឋាន Zorro ចម្ងាយ ៤៨គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុង Santa Fe កាលពីជាង ២ទសវត្សរ៍មុន។ តាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ប្រចាំរដ្ឋ លោកស្រី Lauren Rodriguez ខ្លួនបានស្នើសុំច្បាប់ចម្លងនៃសារអ៉ីម៉ែលដេីមឆ្នាំ ២០១៩ ដែលមានសេចក្តីចោទប្រកាន់នេះ ពីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក។

សារអ៉ីម៉ែលឆ្នាំ ២០១៩ ដែលត្រូវបានកែសម្រួលឡើងវិញ និងមានក្នុងឯកសារថ្មីចុងក្រោយ ត្រូវបានផ្ញើទៅកាន់ លោក Eddy Aragon ពិធីករវិទ្យុ New Mexico កាន់កម្មវិធីផ្សព្វផ្សាយពីកសិដ្ឋាន Zorro ពីរបីខែបន្ទាប់ពីការស្លាប់របស់ Epstein។ អ្នកផ្ញើដែលអះអាងថាជាអតីតបុគ្គលិកកសិដ្ឋាន បានស្នើសុំការទូទាត់មួយតាម bitcoin ជាថ្នូរនឹងវីដេអូដែលគេយកចេញពីផ្ទះរបស់ Epstein ហើយជាវីដេអូដែល Epstein រួមភេទជាមួយអនីតិជន។

អ៉ីម៉ែលដែលផ្ញេីរទៅ លោក Aragon បាននិយាយថា ក្មេងស្រីបរទេសពីរនាក់ត្រូវបានគេបញ្ចុះ តាមបញ្ជារបស់ លោក Epstein នៅលើភ្នំខាងក្រៅកសិដ្ឋាន Zorro ហើយថាអ្នកទាំងពីរបានស្លាប់ដោយសារតែការច្របាច់កអំឡុងពេលរួមភេទ។ លោក Aragon ជឿជាក់ថាសារអ៉ីម៉ែលនោះគឺស្របច្បាប់ ហើយបានបញ្ជូនវាទៅឱ្យ FBI ភ្លាមៗ។ គាត់បាននិយាយថា មិនបានទទួលការបង់ប្រាក់ណាមួយពី ឬមានការទាក់ទងបន្ថែមជាមួយអ្នកផ្ញើនោះទេ ទោះបីជាថ្មីៗនេះគាត់បានព្យាយាមឆ្លើយតបវាជាលើកដំបូងក៏ដោយ ប៉ុន្តែអាសយដ្ឋានអ៉ីម៉ែលនោះលែងដំណើរការទៀតហើយ៕