លោក គីម ជុងអ៊ុន អះអាងពីការប្រេីប្រាស់ AI ក្នុងប្រព័ន្ធមីស៉ីល ហេីយនឹងប្រកាសពីគោលដៅយោធាថ្មី នៅក្នុងសមាជបក្ស

19-02-2026 16:50

(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជេីង KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំ លោក គីម ជុងអ៊ុន បាននិយាយថា គោលដៅយោធា និងការសាងសង់ថ្មីៗត្រូវកំណត់អំឡុងពេលនៃការធ្វេីសមាជបក្ស ខណៈដែលលោកបានបង្ហាញពីវឌ្ឍនភាពក្នុងការអភិវឌ្ឍមីស៉ីលដោយប្រេីបច្ចេកវិទ្យា AI។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ​ ឆ្នាំ ២០២៦។

លោក គីម បានចូលរួមក្នុងពិធីមួយកាលពីថ្ងៃពុធ ដើម្បីប្រារព្ធការបង្ហាញប្រព័ន្ធរ៉ុក្កែតទំហំ ៦០០មីលីម៉ែត្រពហុមុខងារទៅកាន់សមាជលើកទី ៩នៃគណបក្សពលករកំពុងកាន់អំណាច។​ ពិធីនេះធ្វើឡើងក្នុងថ្ងៃតែមួយនៃការបើកការដ្ឋានសាងសង់គម្រោងសាងសង់ថ្មីក្នុងសង្កាត់ Hwasong ទីក្រុងព្យុងយ៉ាង។

លោក គីម បាននិយាយនោះថា គ្រាប់រ៉ុក្កែតមិនខុសគ្នាពីមីស៉ីលបាលីស្ទីគនោះទេ ទាក់ទងនឹងការកំណត់គោលដៅ និងកម្លាំងរបស់វា ដោយបន្ថែមថា​ វាសមរម្យសម្រាប់ការវាយប្រហារក្នុងករណីពិសេស ពោលគឺសម្រាប់ការសម្រេចបេសកកម្មជាយុទ្ធសាស្ត្រ ហើយវាក៏មានបញ្ចូលបច្ចេកវិទ្យា AI និងប្រព័ន្ធណែនាំផងដែរ។

តាមមេដឹកនាំកូរ៉េខាងជេីងរូបនេះ សមាជលើកទី ៩នៃគណបក្សពលករ នឹងមានប្រកាសដំណាក់កាលបន្ទាប់នៃគំនិតផ្តួចផ្តើម និងគោលដៅការពារខ្លួនដែលពឹងផ្អែកលើខ្លួនឯង។ សមាជលើកទី ៩អាចចាប់ផ្តើមយ៉ាងឆាប់នៅថ្ងៃព្រហស្បតិ៍ ឬថ្ងៃសុក្រនេះ។ នេះបើយោងតាម Hong Min អ្នកវិភាគនៅវិទ្យាស្ថានបង្រួបបង្រួមកូរ៉េក្នុងទីក្រុងសេអ៊ូល៕