ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដាក់បញ្ជាឱ្យបញ្ចេញព័ត៌មាននានា ដែលពាក់ព័ន្ធជាមួយ UFO និងមនុស្សក្រៅភព (Video inside)
20-02-2026 13:54
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងថា រូបលោកកំពុងដាក់បទបញ្ជាឱ្យបណ្តាស្ថាប័នសហព័ន្ធទាំងអស់ ចាប់ផ្តើមកំណត់ស្វែងរកហើយបញ្ចេញឯកសាររដ្ឋាភិបាលទាំងឡាយ ដែលពាក់ព័ន្ធជាមួយវត្ថុហោះហើរអាថ៌កំបាំង UFO ព្រមទាំងអេលៀន ខណៈវាគឺជាអ្វីដែលប្រជាជនអាមេរិកមួយចំនួន ចង់ឱ្យធ្វើជាយូរមកហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
លោក ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គម Truth Social យ៉ាងដូច្នេះថា «ដោយសារមានការបង្ហាញចំណាប់អារម្មណ៍យ៉ាងធំសម្បើម ខ្ញុំនឹងបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងកិច្ចការសង្រ្គាម (ក្រសួងការពារជាតិ) រួមជាមួយក្រសួងនិងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ចាប់ផ្តើមដំណើរការកំណត់ស្វែងរកនិងបញ្ចេញឯកសាររដ្ឋាភិបាលទាំងអស់ ដែលពាក់ព័ន្ធជាមួយអេលៀន ជិវិតក្រៅភព បាតុភូតដែនអាកាសចម្លែកៗ ឬហៅថា UAP ក៏ដូចជាវត្ថុហោះហើរអាថ៌កំបាំង ឬហៅថា UFO»។
ស្របពេលដែលលោកមិនបានបញ្ជាក់ឱ្យច្បាស់ថា តើឯកសារសម្ងាត់នឹងត្រូវបញ្ចេញជាសាធារណៈដែរឬអត់ឡើយ លោក ត្រាំ បានបន្ថែមថា ឯកសារទាំងនោះ គួរតែរួមបញ្ចូលព័ត៌មានដទៃទៀតទាំងអស់ ដែលមានជាប់ទាក់ទងជាមួយរឿងដ៏ស្មុគស្មាញ ប៉ុន្តែគួរឱ្យចាប់អារម្មណ៍និងសំខាន់ខ្លាំងមួយនេះ។ សម្រាប់ជំនឿរបស់លោកផ្ទាល់ ស្តីពីអេលៀន ឬជីវិតនៅក្រៅភព លោក ត្រាំ បាននិយាយថា រូបលោកមិនច្បាស់ឡើយថា តើពួកវាមានមែនឬក៏យ៉ាងណា។
គួរបញ្ជាក់ថា មកទល់ពេលនេះ ពុំទាន់មានភស្តុតាងណាមួយ ដែលបង្ហាញពីវត្តមានភាវៈមានជីវិតឆ្លាតវៃ ក្រៅពីនៅភពផែនដីឡើយ។ ចំណាប់អារម្មណ៍ពាក់ព័ន្ធ UFO និង UAP បានលេចឡើងសាជាថ្មី អំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលរដ្ឋាភិបាលអាមេរិក បានស៉ើបអង្កេតលើសេចក្តីរាយការណ៍ជាច្រើន ស្តីពីការប្រទះឃើញវត្ថុចម្លែកៗនៅលើផ្ទៃអាកាស ចំពេលមានការព្រួយបារម្ភថា គូប្រជែងអាចលួចធ្វើតេស្តបច្ចេកវិទ្យាដែលទំនើបៗខ្លាំង។
កាលពីខែមីនា ឆ្នាំ២០២៤ មន្ទីរបញ្ចកោណបានបញ្ចេញរបាយការណ៍មួយ អះអាងថា ខ្លួនពុំមានភស្តុតាងដែលបង្ហាញថា UAP ឬ UFO គឺជាបច្ចេកវិទ្យាអេលៀននោះឡើយ ហើយការប្រទះឃើញវត្ថុសង្ស័យជាច្រើន ត្រូវបានផ្ទៀងផ្ទាត់ថា តាមពិតគឺគ្រាន់តែជាបាឡុងឧតុនិយម យន្តហោះស៉ើបការណ៍ ផ្កាយរណប ឬសកម្មភាពធម្មតាៗដទៃទៀតប៉ុណ្ណោះ៕







