យន្តហោះចម្បាំងអ៉ីរ៉ង់មួយគ្រឿង ធ្លាក់អំឡុងពេលហ្វឹកហាត់ បណ្តាលឱ្យអាកាសយានិកម្នាក់ស្លាប់ (Video inside)

20-02-2026 14:28

(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានរាយការណ៍ថា កាលពីយប់ថ្ងៃព្រហស្បតិ៍កន្លងទៅនេះ យន្តហោះចម្បាំង១គ្រឿងរបស់កងទ័ពអាកាសអ៉ីរ៉ង់ បានធ្លាក់បណ្តាលឱ្យអាកាសយានិកម្នាក់ ក្នុងចំណោម២នាក់ បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦។

ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ Irib បាននិយាយថា យន្តហោះចម្បាំងខាងលើ ដែលមិនត្រូវបានបញ្ចាក់ស៊េរី បានធ្លាក់អំឡុងពេលបំពេញ​​ប្រតិបត្តិការហោះហើរហ្វឹកហ្វឺក​ នាវេលាយប់ជ្រៅ នៅខេត្ត Hamedan ភាគខាងលិចប្រទេស ហើយមូលហេតុដែលបង្កឱ្យមានឧបទ្ទវហេតុនេះ កំពុងស្ថិតក្រោមការស៉ើបអង្កេត។

ការធ្លាក់យន្តហោះចម្បាំងខាងលើ កើតឡើងចំដែលសហរដ្ឋអាមេរិក បាននិងកំពុងបង្កើនវត្តមានយោធានៅក្បែរប្រទេសអ៉ីរ៉ង់។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជូននាវាចម្បាំង យន្តហោះចម្បាំង និងបរិក្ខារយោធាផ្សេងៗទៀត មកកាន់​តំបន់មជ្ឈិមបូព៌ា ដើម្បីដាក់សម្ពាធឱ្យទីក្រុងតេហេរ៉ង់ យល់ព្រមឈានដល់កិច្ចព្រមព្រៀងមួយ។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ លោក ត្រាំ បានអះអាងថា អ៉ីរ៉ង់មានពេលយូរបំផុតត្រឹម១៥ថ្ងៃ ដើម្បីស្វែងរកកិច្ចព្រមព្រៀង ហើយលោកបានគំរាមជាថ្មីម្តងទៀតថា បើពុំដូច្នោះទេរឿងអាក្រក់មុខជានឹងកើតឡើងមិនខាន។ ជាការឆ្លើយតប ទីក្រុងតេហេរ៉ង់បានព្រមានតបវិញថា មូលដ្ឋានយោធា សព្វាវុធ និងកងទ័ពរបស់អាមេរិកនៅក្នុងតំបន់ នឹងក្លាយជាគោលដៅស្របច្បាប់ដើម្បីវាយប្រហារ ប្រសិនបើទីក្រុងវ៉ាស៉ីនតោន ពិតជាសម្រេចចិត្តធ្វើតាមការគំរាមរបស់ខ្លួន ហើយបើកការវាយប្រហារមុនមកលើអ៉ីរ៉ង់៕