អតីតប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol សុំទោសចំពោះវិបត្តិបង្កឡើងដោយច្បាប់អាជ្ញាសឹក (Video inside)
20-02-2026 14:46
(សេអ៊ូល)៖ នាថ្ងៃសុក្រនេះ អតីតប្រធានាធិបតីនៃប្រទេសកូរ៉េខាងត្បូង លោក Yoon Suk Yeol បានសុំទោសសម្រាប់វិបត្តិដ៏ធំ ដែលបង្កឡើងដោយសារតែការប៉ុនប៉ងរបស់លោក ក្នុងការដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក កាលពីឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្នុងសេចក្តីថ្លែងការណ៍ ដែលត្រូវបានចែករំលែកដោយមេធាវីរបស់លោក លោក Yoon បាននិយាយថា រូបលោកសុំអភ័យទោសយ៉ាងជ្រាលជ្រៅ ចំពោះទុក្ខលំបាកដែលលោកបានបង្កឡើង ដោយសារតែភាពបរាជ័យរបស់ខ្លួន ប៉ុន្តែលោកនៅបន្តអះអាងថា ចំណាត់ការនោះ គឺធ្វើឡើងដើម្បីតែប្រទេសជាតិប៉ុណ្ណោះ។
ការសុំទោសនេះ គឺមួយថ្ងៃបន្ទាប់ពីលោក Yoon Suk Yeol ត្រូវបានតុលាការសម្រេចផ្តន្ទាទោស ឱ្យជាប់ពន្ធនាគារមួយជីវិត ពីបទដឹកនាំការបះបោរ តាមរយៈការប្រកាសច្បាប់អាជ្ញាសឹក កាលពីខែធ្នូ ឆ្នាំ២០២៤។ បើតាមមេធាវី លោក Yoon បានរិះគន់ថា សេចក្តីសម្រេចរបស់តុលាការពិបាកទទួលយក ប៉ុន្តែមិនបានបង្ហាញតម្រុយថា តើរូបលោកនឹងប្តឹងឧទ្ធរណ៍ដែរឬក៏អត់ទេ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ លោក Yoon បានធ្វើសេចក្តីប្រកាសដ៏ភ្ញាក់ផ្អើលមួយ ដោយដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក ប៉ុន្តែវាត្រូវបានដកចេញវិញ នៅ៦ម៉ោងក្រោយ បន្ទាប់ពីការបោះឆ្នោតបន្ទាន់នៅសភា ដែលគ្រប់គ្រងដោយបក្សប្រឆាំង។ តាំងពីពេលនោះ រូបលោកត្រូវបានព្យួរតំណែង ដកតំណែង ហើយចាប់ឃុំខ្លួន៕







