អ៉ីរ៉ង់ប្រាប់ប្រមុខ UN ថាខ្លួននឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិនបើរងការឈ្លានពានខាងយោធា (Video inside)
20-02-2026 15:18
(ញូវយ៉ក)៖ អ៉ីរ៉ង់បានប្រាប់អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា តេហេរ៉ង់នឹងពិចារណាចាត់ទុកមូលដ្ឋាន ទីតាំងឈរជេីង និងទ្រព្យសម្បត្តិនៃកងកម្លាំងអរិភាពនៅក្នុងតំបន់ ថាជាគោលដៅស្របច្បាប់ ប្រសិនបើប្រទេសខ្លួនប្រឈមនឹង ការឈ្លានពានខាងយោធា។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ ២០២៦។
បេសកកម្មអចិន្ត្រៃយ៍របស់អ៉ីរ៉ង់ប្រចាំ UN បានលេីកឡេីងក្នុងលិខិតមួយថា វោហាសាស្ត្ររបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចំពោះប្រទេសអ៉ីរ៉ង់ បង្ហាញពីហានិភ័យពិតប្រាកដនៃការឈ្លានពានផ្នែកយោធា ដោយបន្ថែមថា អ៉ីរ៉ង់មិនចង់បានសង្រ្គាមឡេីយ។ លិខិតដដែលនោះបញ្ជាក់ថា អ៉ីរ៉ង់នឹងឆ្លើយតបដោយម៉ឺងម៉ាត់ ប្រសិនបើរងការឈ្លានពាន។
គួរបញ្ជាក់ថា ខណៈការបង្កើនវត្តមានយោធាអាមេរិកយ៉ាងសម្បើមក្នុងតំបន់មជ្ឈិមបូព៌ា បាននិងកំពុងបង្កឱ្យមានការភ័យខ្លាចពីការផ្ទុះសង្រ្គាមទ្រង់ទ្រាយធំ លោក ត្រាំ បាននិយាយថា កិច្ចចរចាជាមួយអ៉ីរ៉ង់ដើម្បីបំបែកភាពជាប់គាំងបានដំណើរទៅយ៉ាងល្អ តែទាមទារឱ្យតេហេរ៉ង់ឈានដល់ កិច្ចព្រមព្រៀងដ៏មានអត្ថន័យមួយ បើពុំដូច្នោះទេ រឿងអាក្រក់ៗជាច្រើន នឹងកើតឡើង៕






