ប្អូនប្រុសស្តេចអង់គ្លេស ត្រូវបានដោះលែងវិញ ក្រោយការឃាត់ខ្លួនសួរនាំពាក់ព័ន្ធសំណុំរឿង Epstein (Video inside)
20-02-2026 15:52
(ឡុងដ៍)៖ ប្អូនប្រុសរបស់ព្រះមហាក្សត្រចក្រភពអង់គ្លេស គឺអតីតព្រះអង្គម្ចាស់ Andrew Mountbatten-Windsor ត្រូវបានប៉ូលិសដោះលែងវិញ បន្ទាប់ពីការឃាត់ខ្លួន ក្រោមការសង្ស័យបានប្រព្រឹត្តមិនត្រឹមត្រូវ អំឡុងពេលកាន់តួនាទីជាមន្រ្តីសាធារណៈ ជុំវិញការចោទប្រកាន់ថា រូបលោកបានផ្ញើឯកសារសម្ងាត់រដ្ឋាភិបាល ទៅកាន់ពិរុទ្ធជនផ្លូវភេទអាមេរិក លោក Jeffrey Epstein។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦។
លោក Mountbatten-Windsor ត្រូវបានសាកសួរមួយថ្ងៃពេញ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយក្រុមភ្នាក់ងារស៉ើបអង្កេតមកពីស្ថាប័នប៉ូលិសប្រចាំតំបន់ Thames Valley នៃប្រទេសអង់គ្លេស។ កន្លងទៅថ្មីៗនេះ ប៉ូលិស Thames Valley បានឱ្យដឹងថា ពួកគេកំពុងស៉ើបអង្កេតលើការចោទប្រកាន់ដែលថា អតីតព្រះអង្គម្ចាស់រូបនេះ បានបញ្ជូនឯកសារឱ្យទៅលោក Epstein អំឡុងពេលមានតួនាទីជា បេសកជនពាណិជ្ជកម្មរបស់រដ្ឋាភិបាលអង់គ្លេស។
ភ្នាក់ងាររបស់ Reuters បានឃើញលោក Mountbatten-Windsor ចាកចេញពីស្ថានីយប៉ូលិសវិញ កាលពីម៉ោង ៧យប់ថ្ងៃព្រហស្បតិ៍ ម៉ោង GMT ដោយជិះនៅកៅអីខាងក្រោយនៃរថយន្តមួយគ្រឿង។ ប៉ូលិសតំបន់ Thames Valley បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា បុរសដែលត្រូវបានចាប់ខ្លួន ដោយចង់សំដៅលើអតីតព្រះអង្គម្ចាស់ Andrew គឺត្រូវបានដោះលែងវិញហើយ ប៉ុន្តែបន្តស្ថិតក្រោមការស៉ើបអង្កេត។
ពាក់ព័ន្ធដំណឹងនៃការចាប់ខ្លួនប្អូនប្រុស មហាក្សត្រអង់គ្លេស គឺព្រះអង្គ Charles បានមានព្រះបន្ទូលថា អាជ្ញាធរទទួលបានការគាំទ្រនិងសហការពេញទំហឹងពីគ្រួសាររាជវង្ស ហើយទ្រង់បានសង្កត់ធ្ងន់ថា ច្បាប់ចាំបាច់ត្រូវតែអនុវត្តជាធម្មតា ដោយពុំមានអន្តរាគមន៍អ្វីទាំងអស់។
ការចាប់ខ្លួនខាងលើ គឺជាភាពអាប់ឱនថ្មីមួយកម្រិតទៀត សម្រាប់អតីតព្រះអង្គម្ចាស់ ដែលត្រូវបានបង្ខំឱ្យលាលែងពីរាជកិច្ចផ្លូវការទាំងអស់កាលពីឆ្នាំ២០១៩ ជុំវិញទំនាក់ទំនងជាមួយពិរុទ្ធជន Epstein ហើយបន្ទាប់មក ក៏ត្រូវបានព្រះអង្គ Charles ដកហូតងារជាព្រះអង្គម្ចាស់ និងតំណែងផ្សេងៗទៀត កាលពីខែតុលា ឆ្នាំមុន ក្រោយពេលមានការលាតត្រដាងបន្ថែម អំពីទំនាក់ទំនងរវាងអ្នកទាំងពីរ។
គួរបញ្ជាក់ថា លោក Jeffrey Epstein គឺជាអតីតមហាសេដ្ឋីហិរញ្ញវត្ថុអាមេរិកមួយរូប ដែលធ្លាប់ស្គាល់បុគ្គលមានអំណាចច្រើន ហើយបានស្លាប់ដោយធ្វើអត្តឃាតនៅក្នុងពន្ធនាគារ កាលពីឆ្នាំ២០១៩។ អតីតព្រះអង្គម្ចាស់ Andrew ជាបុត្រាទីពីររបស់អតីតព្រះមហាក្សត្រី Elizabeth តែងតែបដិសេធជានិច្ចថា មិនបានធ្វើខុសណាមួយឡើយ ទាក់ទងនឹងសំណុំរឿង Epstein ហើយបាននិយាយថា ខ្លួនសោកស្តាយចំពោះមិត្តភាពនេះ៕






