តម្លៃមាសអន្តរជាតិកើនបន្តិចវិញ ខណៈដែលលុយដុល្លារកំពុងមានសន្ទុះ (Video inside)

20-02-2026 16:56

(Reuters)៖ តម្លៃមាស នាថ្ងៃសុក្រ ទី២០ ខែកុម្ភៈ បានកើនឡើងបន្តិចបន្តួច ប៉ុន្តែនៅស្ថិតក្នុងកម្រិតធ្លាក់ចុះប្រចាំសប្តាហ៍ ខណៈអត្រាលុយដុល្លារឡើងថ្លៃ ដល់កម្រិតខ្ពស់ក្នុងរយៈពេលមួយខែ ស្របពេលដែលអ្នកវិនិយោគ កំពុងរង់ចាំទិន្នន័យអតិផរណាសំខាន់ៗរបស់សហរដ្ឋអាមេរិក ដើម្បីវាយតម្លៃគោលនយោបាយរូបិយវត្ថុ របស់ធនាគារកណ្តាលទៅថ្ងៃខាងមុខ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សន្ទស្សន៍តម្លៃមាសអន្តរជាតិ កើនឡើង ០.៤ភាគរយ គឺ ៥ ០២០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោងជួញដូរនាពេលព្រឹក។ រីឯតម្លៃមាសរបស់សហរដ្ឋអាមេរិក សម្រាប់ការចែកចាយខែមេសា បានកើនឡើង ០.៨ភាគរយគឺ ៥ ០៣៧ដុល្លារក្នុងមួយអោន។

លោក Brian Lan នាយកគ្រប់គ្រងក្រុមហ៊ុន GoldSilver Central មានមូលដ្ឋាននៅប្រទេសសិង្ហបុរី បាននិយាយថា លោហធាតុមានតម្លៃ នៅតែស្ថិតក្នុងចិត្តរបស់អ្នកវិនិយោគជាច្រើន ហើយពួកគេនៅតែស្វែងរកទិញនៅពេលដែលតម្លៃធ្លាក់ចុះ។

លោកបន្ថែមថា ធនាគារកណ្តាលអាមេរិក នឹងបន្តមេីលឃេីញមាសគឺជាទ្រព្យសកម្មដែលត្រូវរក្សាទុក ខណៈដែលហានិភ័យភូមិសាស្ត្រនយោបាយរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់បន្តកើតមាន។ ទន្ទឹមនេះ យើងក៏ឃើញថាលុយដុល្លារបានកើនឡើងពីកម្រិតទាប និងក្នុងសន្ទុះខ្លាំងប្រចាំសប្តាហ៍មិនធ្លាប់មានចាប់តាំងពីខែតុលា ដោយសារសេដ្ឋកិច្ចមានភាពរឹងមាំជាងការរំពឹងទុក និងទស្សនវិស័យជុំវិញបញ្ហាធនាគារកណ្តាលអាមេរិកមិនអាក្រក់ពេក៕