នាយករដ្ឋមន្ត្រីជប៉ុន Takaichi ព្រមានពីការកើនឡើងនៃ «ការបង្ខិតបង្ខំ» របស់ចិន, ប្តេជ្ញាថានឹងកែទម្រង់សន្តិសុខ (Video inside)
20-02-2026 19:07
(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ តាកៃឈិ (Sanae Takaichi) បានព្រមានពីការកើនឡើងនៃ «ការបង្ខិតបង្ខំ» របស់ចិន នៅក្នុងសុន្ទរកថាដំបូងរបស់លោកស្រីទៅកាន់សភាជាតិនៅថ្ងៃសុក្រនេះ បន្ទាប់ពីទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោកស្រី តាកៃឈិ បានប្តេជ្ញាធ្វើការកែទម្រង់ស៊ីជម្រៅលើយុទ្ធសាស្ត្រការពារជាតិ បន្ធូរបន្ថយការរឹតបន្តឹងលើការនាំចេញយោធា និងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់សំខាន់ៗ។ លោកស្រីបានសង្កត់ធ្ងន់ថា «ជប៉ុនកំពុងប្រឈមមុខនឹងបរិយាកាសសន្តិសុខដ៏ធ្ងន់ធ្ងរ និងស្មុគស្មាញបំផុតចាប់តាំងពីសង្គ្រាមលោកលើកទីពីរ» ដោយចង្អុលបង្ហាញពីសកម្មភាពយោធារបស់ចិន ទំនាក់ទំនងជិតស្និទ្ធរវាងចិន-រុស្ស៊ី និងការគំរាមកំហែងនុយក្លេអ៊ែរពីកូរ៉េខាងជើង។
បច្ចុប្បន្ន សម្ព័ន្ធភាពកាន់អំណាចរបស់លោកស្រីគ្រប់គ្រងអាសនៈជាងពីរភាគបីនៅក្នុងសភា ដែលផ្តល់អំណាចពេញលេញក្នុងការអនុវត្តគោលនយោបាយ។ លោកស្រីបានបញ្ជាក់ថា រដ្ឋាភិបាលនឹងកែសម្រួលឯកសារសន្តិសុខស្នូលចំនួនបីនៅឆ្នាំនេះ ដើម្បីបង្កើតយុទ្ធសាស្ត្រការពារជាតិថ្មី និងពង្រីកការលក់អាវុធទៅបរទេស៕




