អង់គ្លេស និងសម្ព័ន្ធមិត្តអឺរ៉ុប នឹងរួមគ្នាអភិវឌ្ឍអាវុធការពារដែនអាកាសតម្លៃថោក (Video inside)
20-02-2026 19:39
(ឡុងដ៍)៖ ក្រសួងការពារជាតិចក្រភពអង់គ្លេសបានប្រកាសនៅថ្ងៃសុក្រនេះថា អង់គ្លេស និងសម្ព័ន្ធមិត្តអឺរ៉ុប រួមមានបារាំង អាល្លឺម៉ង់ អ៊ីតាលី និងប៉ូឡូញ នឹងធ្វើការរួមគ្នាដើម្បីអភិវឌ្ឍអាវុធការពារដែនអាកាសតម្លៃថោកជំនាន់ថ្មី ដើម្បីការពារដែនអាកាសរបស់ទ្វីបនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
រដ្ឋមន្ត្រីទទួលបន្ទុកការត្រៀមលក្ខណៈ និងឧស្សាហកម្មការពារជាតិអង់គ្លេស លោក លូក ប៉ូឡាដ (Luke Pollard) បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ចក្រភពអង់គ្លេស និងដៃគូ E5 របស់យើងកំពុងបោះជំហានទៅមុខ ដោយវិនិយោគរួមគ្នានៅក្នុងប្រព័ន្ធស្វ័យប្រវត្តិ និងការការពារដែនអាកាសជំនាន់ក្រោយ ដើម្បីពង្រឹងខែលការពាររបស់អង្គការណាតូ»។
គួរបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះធ្វើឡើងចំពេលដែលមានការកើនឡើងនូវក្តីបារម្ភផ្នែកសន្តិសុខនៅអឺរ៉ុប និងតម្រូវការបន្ទាន់សម្រាប់ប្រព័ន្ធការពារដែលអាចជឿទុកចិត្តបាន ជាមួយនឹងតម្លៃសមរម្យ៕




