អេស្ប៉ាញជំរុញឱ្យ EU ដកទណ្ឌកម្មលើប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា ក្រោយមានច្បាប់លើកលែងទោស (Video inside)
20-02-2026 21:25
(បាសេឡូណា)៖ រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ លោក ហូសេ ម៉ានូអែល អាល់បារ៉េស (Jose Manuel Albares) បានជំរុញឱ្យសហភាពអឺរ៉ុប (EU) នៅថ្ងៃសុក្រនេះ ពិចារណាដកទណ្ឌកម្មលើប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា លោកស្រី ដេលស៊ី រ៉ូឌ្រីហ្គេស (Delcy Rodriguez) បន្ទាប់ពីសភាប្រទេសនេះបានអនុម័តច្បាប់លើកលែងទោសមានកម្រិតមួយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោកស្រី រ៉ូឌ្រីហ្គេស ដែលបានឡើងកាន់អំណាចក្រោយការទម្លាក់លោក ម៉ាឌូរ៉ូ បានបង្ហាញសញ្ញាវិជ្ជមានដោយធ្វើតាមការទាមទាររបស់សហរដ្ឋអាមេរិកលើការលក់ប្រេង និងបានដោះលែងអ្នកទោសដែលក្រុមសិទ្ធិមនុស្សចាត់
ទុកថាជាអ្នកទោសនយោបាយរាប់រយនាក់។
លោក អាល់បារ៉េស បានថ្លែងថា EU គួរតែ «ផ្ញើសញ្ញាថាវេណេស៊ុយអេឡាកំពុងដើរលើផ្លូវត្រូវក្នុងដំណាក់កាលថ្មីនេះ»។ លោកបានសង្កត់ធ្ងន់ថា «ទណ្ឌកម្មមិនមែនជាគោលដៅចុងក្រោយទេ ប៉ុន្តែជាមធ្យោបាយដើម្បីសម្រេចបាននូវការសន្ទនាប្រកបដោយសន្តិភាព និងប្រជាធិបតេយ្យ»។
គួររំលឹកថា លោកស្រី រ៉ូឌ្រីហ្គេស ប្រធានាធិបតីស្តីទីវេណេស៊ុយអេឡានេះ ស្ថិតក្នុងចំណោមមន្ត្រីជាន់ខ្ពស់ ១១រូប ដែលរងទណ្ឌកម្មសេដ្ឋកិច្ចពី EU តាំងពីឆ្នាំ២០១៨ ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស។ ទោះបីជាមានការជំរុញពីអេស្ប៉ាញក្តី អ្នកនាំពាក្យ EU នៅតែរក្សាជំហរប្រុងប្រយ័ត្ន ខណៈក្រុមសិទ្ធិមនុស្សរិះគន់ថាច្បាប់លើកលែងទោសថ្មីនេះនៅមានចន្លោះប្រហោងច្រើន៕




