លោក ត្រាំ ពិចារណាវាយប្រហារយោធាមានកម្រិតលើអ៊ីរ៉ង់ ដើម្បីជំរុញកិច្ចព្រមព្រៀងនុយក្លេអ៊ែរ (Video inside)
20-02-2026 22:41
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃសុក្រនេះ (២០ កុម្ភៈ) ថា លោកកំពុងពិចារណាធ្វើការវាយប្រហារយោធាដែលមានកម្រិតទៅលើប្រទេសអ៊ីរ៉ង់ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
នៅពេលអ្នកសារព័ត៌មានសួរនៅសេតវិមានថា តើលោកកំពុងពិចារណាការវាយប្រហារមានកម្រិតដើម្បីដាក់សម្ពាធឱ្យអ៊ីរ៉ង់យល់ព្រមលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឬយ៉ាងណា លោក ត្រាំ បានឆ្លើយតបយ៉ាងខ្លីថា «ខ្ញុំអាចនិយាយបានថា ឥឡូវនេះខ្ញុំកំពុងពិចារណារឿងនេះ»។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា អ៉ីរ៉ង់ត្រូវតែចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ បើពុំដូច្នោះទេ រឿងអាក្រក់ៗជាច្រើននឹងកើតឡើង ជាមួយការទុកពេល ១០ ទៅ១៥ថ្ងៃឱ្យធ្វើការសម្រេចចិត្ត។ ទោះជាយ៉ាងណា អ៉ីរ៉ង់បានបញ្ជាក់ថាខ្លួននឹងមិនចាប់ផ្ដើមសង្រ្គាមមុននោះទេ ប៉ុន្តែក្នុងករណី ដែលខ្លួនរងការវាយប្រហារ ឬឈ្លានពានដោយយោធា នោះអ៉ីរ៉ង់នឹងសងសឹកឱ្យបានខ្លាំងក្លា និងសមស្របទៅតាមសិទ្ធិស្វ័យការពារខ្លួន៕




