តុលាការកំពូលអាមេរិក លុបចោលពន្ធគយសកលរបស់លោក ត្រាំ ដោយចាត់ទុកថាហួសដែនសមត្ថកិច្ចប្រធានាធិបតី (Video inside)
20-02-2026 23:49
(វ៉ាស៊ីនតោន)៖ តុលាការកំពូលសហរដ្ឋអាមេរិកបានផ្តល់បរាជ័យដ៏ធំមួយដល់ប្រធានាធិបតី ដូណាល់ ត្រាំ នៅថ្ងៃសុក្រនេះ ដោយសម្រេចលុបចោលពន្ធគយសកលដ៏ទូលំទូលាយរបស់លោក។ នៅក្នុងសេចក្តីសម្រេចដោ
យសំឡេង ៦ ទល់នឹង ៣ តុលាការបានប្រកាសថា លោក ត្រាំ បានប្រើប្រាស់ច្បាប់គ្រាអាសន្នឆ្នាំ១៩៧៧ (IEEPA) ហួសពីដែនសមត្ថកិច្ចរបស់ខ្លួន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រធានចៅក្រម ចន រ៉ូបឺត (John Roberts) បានសរសេរក្នុងសាលដីកាថា ច្បាប់ IEEPA អនុញ្ញាតឱ្យប្រធានាធិបតី «គ្រប់គ្រងការនាំចូល» ប៉ុន្តែមិនបានផ្តល់អំណាចឱ្យ «ដាក់ពន្ធគយ» នោះទេ។ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើសភាចង់ផ្តល់អំណាចដ៏ធំធេងបែបនេះ សភាច្បាស់ជាបានចែងយ៉ាងច្បាស់លាស់ហើយ។
អ្នកសេដ្ឋកិច្ចមកពី Penn-Wharton បានប៉ាន់ប្រមាណថា ដោយសារសេចក្តីសម្រេចនេះ រដ្ឋាភិបាលអាមេរិកទំនងជាត្រូវសងប្រាក់ពន្ធដែលប្រមូលបានដោយខុសច្បាប់ជាង ១៧៥ពាន់លានដុល្លារ ត្រឡប់ទៅឱ្យក្រុមហ៊ុនវិញ។
អ្វីដែលគួរកត់សម្គាល់ផងដែរគឺថា ចៅក្រមអភិរក្សនិយមពីររូបដែលតែងតាំងដោយលោក ត្រាំ ផ្ទាល់ គឺលោកស្រី អេមី ខូនី បារ៉េត (Amy Coney Barrett) និងលោក នីល ហ្គោស៊ូច (Neil Gorsuch) ក៏បានចូលរួមបោះឆ្នោតប្រឆាំងនឹងលោកដែរ៕




