តើនឹងមានអ្វីកើតឡើង បន្ទាប់ពីការចេញសាលក្រមពន្ធគយរបស់តុលាការកំពូលអាមេរិក? (Video inside)

21-02-2026 11:29

(វ៉ាស៊ីនតោន)៖ តុលាការកំពូលអាមេរិក កាលពីថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ បានចេញសាលក្រមសម្រេចលុបចោលពន្ធគយសកលឯកតោភាគីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដោយចាត់ទុកថាជាទង្វើខុសច្បាប់។ សាលក្រមសម្រេចនេះអាចនឹងធ្វើឱ្យមនុស្សជាច្រើនមានភាពធូរសា្រល តែព្រមពេលជាមួយគ្នា​ វាក៏អាចនឹងបង្កភាពមិនច្បាស់លាស់ច្រើនខែទៅមុខទៀត ខណៈបណ្ដាក្រុមហ៊ុនអាមេរិកកំពុងត្រៀមខ្លួនសម្រាប់ពន្ធគយថ្មី និងការតតាំងតាមផ្លូវច្បាប់ដើម្បីបានប្រាក់សំណងពីការបង់ពន្ធគយមកវិញ។ ខាងក្រោមនេះជាអ្វីដែលអាចនឹងកើតឡើង បន្ទាប់ពី សាលក្រមសម្រេចរបស់តុលាការកំពូលអាមេរិក៖

* ផ្លូវដ៏វែងអន្លាយដើម្បីប្រាក់សំណង

សាលក្រមរបស់តុលាការកំពូលអាមេរិកបានត្រួសត្រាយផ្លូវឱ្យមានការតតាំងគ្នាតាមផ្លូវច្បាប់ដ៏វែងអន្លាយមួយដើម្បីទទួលបានប្រាក់សំណងពីការបង់ពន្ធគយមកវិញ ខណៈពន្ធគយដែលឥលូវត្រូវបាន ចាត់ទុកថាខុសច្បាប់ រកចំណូលបាន ១៣៣.៥ពាន់លានដុល្លារ គិតចាប់ពីខែមករា ដល់ពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២៥។ តុលាការកំពូលអាមេរិកមិនបានដោះស្រាយបញ្ហាសំណងនោះទេ តែក្រុមអ្នកវិភាគ យល់ថាបញ្ហានេះអាចនឹងត្រូវបានសម្រេចដោយតុលាការជាន់ទាប នៅប៉ុន្មានខែខាងមុខ។ អ្នកជំនាញសេដ្ឋកិច្ច លោក Carsten Brzeski និងលោក Julian Geib យល់ស្របដូចគ្នាថា តុលាការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាមេរិកត្រូវបានរំពឹងថានឹងគ្រប់គ្រងលើនីតិវិធីនេះ។ ការសងប្រាក់សំណងនឹងមិនត្រូវបានធ្វើឡើងដោយស្វ័យប្រវត្តិនោះទេ ពោលគឺក្រុមហ៊ុននាំចូលដែលចង់ បានប្រាក់របស់ខ្លួនត្រឡប់ទៅវិញ ត្រូវតែដាក់ពាក្យប្ដឹងរៀងៗខ្លួន។ នីតិវិធីនេះបានដំណើរការរួចទៅហើយ ដោយក្នុងនោះមានក្រុមហ៊ុនជាង ១០០០ បានដាក់ពាក្យបណ្ដឹងតាមផ្លវច្បាប់។ លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃសុក្រ​ថាការតតាំងគ្នានៅតុលាការអាចនឹងត្រូវចំណាយពេលដល់ទៅ៥ឆ្នាំ។

* ស្ថានការណ៍កាន់តែមិនច្បាស់លាស់

ប៉ុន្មានម៉ោង បន្ទាប់ពីការចេញសាលក្រមរបស់តុលាការកំពូលអាមេរិក លោក ត្រាំ បានចេញបទបញ្ជាប្រកាសពីការយកពន្ធគយសកលថ្មីមួយ ១០ភាគរយលើទំនិញនាំចូលពីបណ្ដាប្រទេសទាំងអស់ នៅជុំវិញពិភពលោក។ បទបញ្ជារបស់លោក ត្រាំត្រូវបានមើលឃើញថាជាចំណាត់ការបណ្ដោះអាសន្ន ដើម្បីបើកផ្លូវឆ្ពោះទៅកាន់ពន្ធគយយូរអង្វែង ប៉ុន្តែវាក៏បានបង្កើតជាបញ្ហាប្រឈម និងភាពមិនច្បាស់លាស់ផងដែរ។ ច្បាប់ដែលលោក ត្រាំ យកមកប្រើដើម្បីយកពន្ធគយបណ្ដោះអាសន្ននេះ គឺយកចេញពីផ្នែក ១២២ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ១៩៧៤ ដែលអនុញ្ញាតឱ្យរូបលោក យកពន្ធគយរយៈពេល ១៥០ថ្ងៃ ហើយបន្ទាប់ពីនោះត្រូវស្នើសុំការយល់ព្រមពីសភាអាមេរិក។

យ៉ាងណាក៏ដោយ លោក ត្រាំ បាននិយាយថានឹងមានការស៊ើបអង្កេតថ្មីមួយលើការអនុវត្តពាណិជ្ជកម្មមិនមានភាពយុត្តិធម៌ នៅក្រោមផ្នែក៣០១ ដែលជាជំហានមួយឆ្ពោះទៅរកការយកពន្ធគយ យូរអង្វែង។ លោក Josh Lipsky ជាប្រធានកម្មវិធីសេដ្ឋកិច្ចអន្តរជាតិមកពីស្ថាប័ន Atlantic Council បានកត់សម្គាល់ថាសាលក្រមរបស់តុលាការកំពូលអាមេរិកកាលពីថ្ងៃសុក្រ ហាក់ដូចជា បើកទំព័រថ្មីមួយនៅក្នុងគោលនយោបាយពន្ធគយរបស់លោក ត្រាំ។ លោកបន្ថែមថាវាអាចនឹងមានភាពមិនច្បាស់លាស់កាន់តែច្រើន និងផលលំបាក សម្រាប់បណ្ដាក្រុមហ៊ុនដំណើរការអាជីវកម្មរបស់ ពួកគេ ក៏ដូចជាបង្កការលំបាកដល់បណ្ដាប្រទេសផ្សេងទៀតក្នុងការចរចាស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។

* បាត់បង់សន្ទុះ

ក្រុមអ្នកជំនាញសេដ្ឋកិច្ច បាននិយាយថាក្នុងពេលបច្ចុប្បន្ន សាលក្រមរបស់តុលាការកំពូលអាមេរិកបានធ្វើឱ្យយន្ដការដាក់ពន្ធគយរបស់លោក ត្រាំ បាត់បង់សន្ទុះ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បានប្រាប់សារព័ត៌មាន Fox News កាលពីថ្ងៃសុក្រថាពន្ធគយផ្អែកលើច្បាប់ International Emergency Economic Powers Act ឬហៅកាត់ថា IEEPA ត្រូវបាន សម្របសម្រួលឡើងជាពិសេសសម្រាប់លោកប្រធានាធិបតី ត្រាំ ប្រើប្រាស់ឥទ្ធិពលលើបណ្ដាប្រទេសដទៃ។ «យើងអាចនាំពួកគេត្រឡប់មករកតុចរចាក្នុងពេលដ៏ខ្លី»។ នេះជាការគូសបញ្ជាក់របស់ លោក Bessent ជាមួយការប្ដេជ្ញាថានឹងយកការអនុវត្តពន្ធគយរបស់លោក ត្រាំត្រឡប់មកវិញ។

* ភាពមិនច្បាស់លាស់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម?

ដោយសារតែការយកពន្ធគយត្រូវធ្វើឡើងតាមរយៈច្បាប់ IEEPA ដើម្បីបង្កើតជាមូលដ្ឋាននៃកិច្ចចរចាពាណិជ្ជកម្មនាពេលកន្លងមក ក្រុមអ្នកវិភាគបានព្រមានថាប្រទេសដៃគូពាណិជ្ជកម្មខ្លះរបស់ សហរដ្ឋអាមេរិក អាចនឹងពិចារណាឡើងវិញលើការប្ដេជ្ញាចិត្តរបស់ពួកគេ។ តាមលោក Lipsky វាជារឿងល្អដែលសហរដ្ឋអាមេរិករក្សាទុកកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានរួចហើយជាមួយ បណ្ដាប្រទេសជាដៃគូពាណិជ្ជកម្ម ជាជាងធ្វើឱ្យកិច្ចព្រមព្រៀងមួយដែលយ៉ាងហោចណាស់អាចរក្សាស្ថិរភាពមួយចំនួនត្រូវរង្គោះរង្គើរ។ ប៉ុន្តែទន្ទឹមគ្នា បណ្ដាប្រទេសដែលកំពុងស្ថិតក្នុងដំណាក់ការបង្ហើយ កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ក៏អាចនឹងមានទឹកមាត់ប្រៃជាងមុនដែរ។

ដោយឡែក សម្រាប់លោកស្រី Wendy Cutler វិញ ជាអ្នកជំនាញជាន់ខ្ពស់មកពីវិទ្យាស្ថាន Asia Society Policy លោកស្រីយល់ថាបណ្ដាប្រទេសជាដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ទំនងជានឹងមិនបោះបង់ចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលពួកគេសម្រេចបានរួចហើយជាមួយទីក្រុងវ៉ាស៊ីនតោននោះទេ ពីព្រោះពួកគេដឹងច្បាស់ថាការធ្វើបែបនេះអាចនឹងធ្វើឱ្យពួកគេធ្លាក់ចូល ក្នុងស្ថានការណ៍កាន់តែអាក្រក់ជាមួយសេតវិមាន។

* បញ្ចុះពន្ធគយ?

បើទោះជាផែនការរបស់លោក ត្រាំ គឺឆ្ពោះទៅរកការដាក់ពន្ធគយយូរអង្វែងក៏ពិតមែន តែអ្នកជំនាញសេដ្ឋកិច្ច លោកស្រី Heather Long មកពីក្រុមហ៊ុន Navy Federal Credit Union បានរំពឹងថាសាលក្រមរបស់តុលាការកំពូលអាមេរិកកាលពីថ្ងៃសុក្រ នឹងបង្ខំឱ្យមានការរៀបចំឡើងវិញនូវគោលនយោបាយពន្ធគយ។ លោកស្រីបន្តថាការណ៍នេះអាចនឹងជំរុញឱ្យមានការបញ្ចុះ អត្រាពន្ធគយ ហើយអាចនឹងនាំទៅរកការអនុវត្តការយកពន្ធគយនៅពេលអនាគតកាន់តែមានសណ្ដាប់ធ្នាប់៕