អ៉ីស្រាអែល បើកការវាយប្រហារនៅលីបង់ សម្លាប់មនុស្សយ៉ាងហោច ១០នាក់ ក្នុងនោះមានមន្ត្រីជាន់ខ្ពស់ហេសបូឡាម្នាក់ (Video inside)

21-02-2026 11:56

(Reuters)៖ មនុស្សយ៉ាងហោច ១០នាក់ត្រូវបានសម្លាប់ និង៥០នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល លើតំបន់ជ្រលងភ្នំ Bekaa នៃប្រទេសលីបង់ កាលពីថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីយោធាអ៉ីស្រាអែលបាននិយាយថាខ្លួនបានកំណត់គោលដៅលើទីតាំងរបស់ក្រុមហេសបូឡា ក្នុងទីក្រុង Baalbek នៃតំបន់ជ្រលងភ្នំមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

យោធាអ៉ីស្រាអែល ក្នុងសេចក្ដីថ្លែងការណ៍មួយបានឱ្យដឹងថាខ្លួនបានបើកការវាយប្រហារតាមផ្លូវអាកាសលើទីបញ្ជាការរបស់ក្រុមហេសបូឡា ក្នុងទីក្រុង Baalbek នៃតំបន់ជ្រលងភ្នំ Bekaa។ តាមប្រភពដែល Reuters ទទួលបាន មន្ត្រីជាន់ខ្ពស់ម្នាក់របស់ក្រុមហេសបូឡាក៏ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៉ីស្រាអែលផងដែរ។ ប៉ុន្តែ ខាងហេសបូឡាមិនបានធ្វើអត្ថាធិប្បាយអ្វីនោះទេ។

គួរបញ្ជាក់ថា អ៉ីស្រាអែល និងហេសបូឡា ព្រមព្រៀងលើបទឈប់បាញ់មួយសម្របសម្រួលឡើងដោយសហរដ្ឋអាមេរិកកាលពីឆ្នាំ២០២៤។ តែចាប់តាំងពីពេលនោះមក ភាគីទាំងសងខាងតែងតែចោទប្រកាន់គ្នា ទៅវិញទៅមកពីការបំពានបទឈប់បាញ់៕