រដ្ឋមន្ត្រីការបរទេសថៃ គ្រោងធ្វើទស្សនកិច្ចទៅកាន់បារាំង និងស្វ៉ីស (Video inside)

21-02-2026 13:44

(បាងកក)៖ ក្រសួងការបរទេសថៃបានឱ្យដឹងនៅថ្ងៃសៅរ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ថារដ្ឋមន្ត្រីការបរទេស លោក Sihasak Phuangketkeow គ្រោងនឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង និងទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកុម្ភៈ។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសថៃ នៅថ្ងៃទី២៣ ខែកុម្ភៈ លោក Sihasak នឹងត្រូវជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការ UNESCO ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងថៃ និង UNESCO ស្ដីពីការការពារទ្រព្យសម្បត្តិវប្បធម៌។ លោកក៏នឹងត្រូវមានជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីសម្រាប់អឺរ៉ុប និងការបរទេសនៃប្រទេសបារាំងផងដែរ។ ក្រសួងបន្ថែមទៀតថា នៅថ្ងៃទី២៤ ខែកុម្ភៈ លោក Sihasak នឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុងហ្សឺណែវ ប្រទេសស្វ៉ីស ដើម្បីចូលរួម និងថ្លែងសុន្ទរកថាទៅកាន់សម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។

នៅក្នុងសុន្ទរកថានោះដែរ លោក Sihasak ត្រូវបានរំពឹងថានឹងគូសបញ្ជាក់ពីកិច្ចខិតខំ​ប្រឹងប្រែងរបស់ថៃ ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមអនឡាញ។ បន្ថែមពីលើនេះ លោកនឹងត្រូវជួបពិភាក្សាជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងចូលរួមក្នុងពិធីមួយរៀបចំដោយប្រទេសសំប៊ី ក្នុងនាមជាប្រធានកិច្ចប្រជុំលើកទី២៣ នៃរដ្ឋជាភាគី អនុសញ្ញាហាមឃាត់គ្រាប់មីនប្រឆាំងមនុស្ស ឬអនុសញ្ញាអូតាវ៉ា៕