លោក ត្រាំ នឹងធ្វើទស្សនកិច្ចទៅកាន់ចិននៅចុងខែក្រោយ ក្រោមស្រមោលពន្ធគយអាមេរិក (Video inside)
21-02-2026 15:12
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ដើម្បីចូលរួមក្នុងកិច្ចប្រជុំដ៏សំខាន់ជាមួយ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការប្រកាសពីដំណើរទស្សនកិច្ចរបស់លោក ត្រាំ ធ្វើឡើងចំពេលតុលាការកំពូលអាមេរិកចេញសាលក្រមសម្រេចលុបចោលពន្ធគយបដិការជាច្រើនដែលលោក ត្រាំ បានដាក់ឱ្យអនុវត្តលើទំនិញនាំចូលទៅកាន់ សហរដ្ឋអាមេរិក។ មន្ត្រីសេតវិមានម្នាក់បានទទួលស្គាល់ដំណើរទស្សនកិច្ចរបស់លោក ត្រាំ កាលពីថ្ងៃសុក្រ ទី២០ ខែកុម្ភៈ តែប៉ុន្មានម៉ោងប៉ុណ្ណោះ មុននឹងតុលាការកំពូលអាមេរិកចេញសាលក្រមសម្រេចថាពន្ធគយ មួយចំនួនធំដែលលោក ត្រាំ បានប្រើប្រាស់ក្នុងសង្រ្គាមពាណិជ្ជកម្មសកលរបស់លោកក្នុងនោះរួមមានទាំងពន្ធគយប្រឆាំងនឹងចិនផងនោះជាទង្វើខុសច្បាប់។ ជំនួបរបស់លោក ត្រាំជាមួយលោក ស៊ី ជីនពីង អំឡុង ទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ត្រូវបានរំពឹងថានឹងផ្តោតជាសំខាន់លើការពន្យារបទឈប់បាញ់មួយក្នុងសង្រ្គាមពាណិជ្ជកម្មដែលរារាំងមិនឱ្យមហាអំណាចទាំង២ដំឡើងពន្ធគយដាក់គ្នាទៅវិញទៅមក។
ក៏ប៉ុន្តែ សាលក្រមរបស់តុលាការកំពូលអាមេរិក បាន និងកំពុងបង្កឱ្យមានការសង្ស័យចំពោះទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ដែលមានស្ថិរភាពមួយរយៈមកនេះ ក្រោយលោក ត្រាំ បន្ធូរបន្ថយពន្ធគយលើ ទំនិញចិន ជាថ្នូរឱ្យទីក្រុងប៉េកាំងដាក់ចេញវិធានការមួយចំនួន ក្នុងនោះរួមមានការបង្រ្កាបចរាចរណ៍ថ្នាំញៀនខុសច្បាប់ fentanyl និងបញ្ឈប់ការរឹតត្បិតលើការនាំចេញរ៉ែកម្រ។ ពន្ធគយ២០ភាគរយដែលលោក ត្រាំ ដាក់អនុវត្តលើទំនិញចិននាំចេញទៅកាន់សហរដ្ឋអាមេរិក ត្រូវបានធ្វើឡើងនៅក្រោមច្បាប់ International Emergency Economic Powers Act ឬ IEEPA ដែលតុលាការកំពូលអាមេរិកសម្រេចថា លោក ត្រាំ បានធ្វើហួសព្រំដែនជាប្រធានាធិបតី។ ពន្ធគយទាំងនោះមានជាប់ពាក់ព័ន្ធនឹងការទប់ស្កាត់ការចែកចាយថ្នាំញៀន fentanyl និងឱនភាពពាណិជ្ជកម្ម។
ចំណែក ពន្ធគយផ្សេងទៀតលើទំនិញចិន ក្នុងនោះរួមទាំងទំនិញដែលត្រូវបានដាក់ឱ្យស្ថិតនៅក្រោមច្បាប់ពាណិជ្ជកម្មដែលគេស្គាល់ថាផ្នែក ៣០១ និងផ្នែក ២៣២ នៅតែបន្តអនុវត្តដដែល។ យ៉ាងណាក៏ដោយ ភ្លាមៗ វាមិនច្បាស់នោះទេថាតើពន្ធគយក្នុងអត្រាប៉ុន្មានដែលលោក ត្រាំអាចនឹងស្ដារឡើងវិញ តែលោកប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃសុក្រថាលោកនឹងអនុវត្តការយកពន្ធគយសកលថ្មី១០ភាគរយ ក្នុងរយៈពេល ១៥០ថ្ងៃ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកចុងក្រោយបំផុតរបស់លោក ដូណាល់ ត្រាំ ទៅកាន់ទីក្រុងប៉េកាំង ធ្វើឡើងក្នុងឆ្នាំ២០១៧៕






