ចិន៖​ អាជ្ញាធរហុងកុង គ្រោងទិញយកផ្ទះដែលរងគ្រោះដោយអគ្គិភ័យដ៏ប្រល័យ កាលពីឆ្នាំមុន

21-02-2026 18:30

(ហុងកុង)៖ អាជ្ញាធរទីក្រុងហុងកុង បានដឹងឱ្យថា តំបន់រដ្ឋបាលពិសេសនៃប្រទេសចិនមួយនេះ បានស្នេីការចំណាយប្រហែល ៥១២លានដុល្លារអាមេរិក ដើម្បីទិញយកលំនៅឋានកម្មសិទ្ធិនៅក្នុងអគារកម្ពស់ខ្ពស់ ដែលរងការបំផ្លិចបំផ្លាញដោយសារតែអគ្គីភ័យដ៏ធំសម្លាប់មនុស្សជាង ១៦០នាក់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២១ ខែកុម្ភៈ ឆ្នាំ ២០២៦។

មន្ត្រីទីក្រុងហុងកុង បានប្រាប់សន្និសីទសារព័ត៌មានថា តម្លៃដែលផ្តល់ជូននឹងចាប់ពីប្រហែល ១ ៣៤៣ដុល្លារអាមេរិក សម្រាប់ទំហំមួយម៉ែត្រក្រឡា។ មន្រ្តីផ្នែកហិរញ្ញវត្ថុរបស់ទីក្រុងហុងកុង លោក Wong Wai-lun បាននិយាយថា​ យើងជឿជាក់ថាតម្លៃដែលស្នើឡើងគឺគ្រប់គ្រាន់សម្រាប់អ្នកដែលរងផលប៉ះពាល់អាចផ្លាស់ប្តូរទីលំនៅថ្មីបាន។

រដ្ឋបាលហុងកុង ក៏បានផ្តល់ជូននូវកម្មវិធីផ្លាស់ប្តូរអាផាតមិនសម្រាប់អ្នកជួល ដែលរងផលប៉ះពាល់ចំនួន ៤ ៦០០នាក់នៃខុនដូទំហំសរុបជិត ២ ០០០ យូនីតនៅឯបណ្តុំអគារលំនៅឋាន Wang ⁠Fuk Court នោះផងដែរ។ តាមលោក Wong នៅខែឧសភា ឬខែមិថុនា ម្ចាស់កម្មសិទ្ធិដែលត្រៀមទទួលយកការរៀបចំនេះ អាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តោះអាសន្នជាមួយរដ្ឋាភិបាល ជាមួយការបង់ប្រាក់ដំបូងពីរដ្ឋាភិបាលនៅត្រីមាសទី ៣នៃឆ្នាំ ២០២៦។

គួរបញ្ជាក់ថា អគារលំនៅឋាន ៧ ក្នុងចំណោម ៨ នៃបណ្តុំអគារលំនៅឋាន Wang ⁠Fuk Court ស្ថិតក្នុងសង្កាត់ Tai Po បានរងការឆាបឆេះ កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ហើយរយៈពេលជិត ៣ថ្ងៃទេីបអាចពន្លត់បានទាំងស្រុង៕