Reuters៖ ក្រុមទីប្រឹក្សាសន្តិសុខគុយបា កំពុងចាកចេញពីវ៉េណេស៊ុយអេឡា ចំពេលមានសម្ពាធពីអាមេរិក (Video inside)
21-02-2026 19:41
(ការ៉ាកាស)៖ ក្រុមទីប្រឹក្សាសន្តិសុខគុយបា និងវេជ្ជបណ្ឌិតមួយចំនួន បាននិងកំពុងចាកចេញពីវេណេស៊ុយអេឡា ខណៈដែលរដ្ឋាភិបាលប្រធានាធិបតីបណ្តោះអាសន្ន លោកស្រី Delcy Rodriguez ប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងពីទីក្រុងវ៉ាស៉ីនតោន ឱ្យបន្ថយទំនាក់ទំនងជាមួយទីក្រុងឡាហាវ៉ាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២១ ខែកុម្ភៈ ឆ្នាំ ២០២៦។
លោកស្រី Rodriguez បានប្រគល់ការងារការពារសុវត្ថិភាពដល់អង្គរក្សជាជនជាតិវេណេស៊ុយអេឡា ផ្ទុយពីលោក នីកូឡាស់ ម៉ាឌូរ៉ូ និងអតីតប្រធានាធិបតី លោក Hugo Chavez ដែលពឹងផ្អែកលើកងអង្គរក្សជនជាតិគុយបា។ ទាហាន និងអង្គរក្សគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិសុខស៉ីជម្រៅរវាងទីក្រុងការ៉ាកាស និងទីក្រុងឡាហាវ៉ានដែលចាប់ផ្តើមតាំងពីចុងទសវត្សរ៍ឆ្នាំ ២០០០ ដោយមានភ្នាក់ងារស៊ើបការណ៍សម្ងាត់គុយបាបង្កប់ក្នុងជួរយោធា និងអង្គភាពប្រឆាំងចារកម្ម DGCIM ដ៏រឹងមាំរបស់វ៉េណេស៊ុយអេឡា។ ឥឡូវនៅខាងក្នុង DGCIM ទីប្រឹក្សាគុយបាមួយចំនួនត្រូវបានដកចេញពីមុខតំណែងរបស់ពួកគេ។ នេះបើយោងតាមអតីតមន្ត្រីចារកម្មវេណេស៊ុយអេឡា។
បុគ្គលិកពេទ្យ និងទីប្រឹក្សាសន្តិសុខគុយបាមួយចំនួនបានចាកចេញពីវ៉េណេស៊ុយអេឡាត្រឡប់ទៅគុយបាវិញ តាមជើងហោះហើរក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ប្រភពមួយស្និទ្ធនឹង គណបក្សកាន់អំណាចវ៉េណេស៊ុយអេឡា បាននិយាយថា ជនជាតិគុយបាអាចចាកចេញ តាមបញ្ជារបស់លោកស្រី Rodriguez ដោយសារតែសម្ពាធពីសហរដ្ឋអាមេរិក។ តាមប្រភពផ្សេងទៀត គេមិនច្បាស់ថាទេតើជនជាតិគុយបាត្រូវបង្ខំឱ្យចាកចេញដោយការព្រមព្រៀង ឬគុយបាហៅឱ្យត្រឡប់ទៅវិញ។
លោក Alejandro Velasco សាស្ត្រាចារ្យរងផ្នែកប្រវត្តិសាស្ត្រនៅសាកលវិទ្យាល័យញូវយ៉ក និងជាអ្នកជំនាញនៅវេណេស៊ុយអេឡា បាននិយាយថា ឥទ្ធិពលគុយបាពិតជាចាំបាច់ណាស់ចំពោះការរស់រានមានជីវិតនៃររដ្ឋាភិបាលឆ្វេងនិយម។ យោងតាមរដ្ឋាភិបាលគុយបា ជនជាតិគុយបាចំនួន ៣២នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយោធាអាមេរិក ដែលនាំទៅដល់ការចាប់ខ្លួនលោក ម៉ាឌូរ៉ូ កាលពីថ្ងៃទី៣ ខែមករា៕




