ឥណ្ឌា-ប្រេស៉ីល ចុះកិច្ចព្រមព្រៀងរុករករ៉ែ ខណៈលោក ម៉ូឌី កំណត់គោលដៅពាណិជ្ជកម្មឱ្យដល់ ២០ពាន់លានដុល្លារ (Video inside)
22-02-2026 00:29
(ញូវដេលី)៖ ឥណ្ឌា នៅថ្ងៃសៅរ៍នេះ បានរំកិលទៅរកទំនាក់ទំនងពាណិជ្ជកម្មកាន់តែស៉ីជម្រៅជាមួយប្រេស៉ីល ដោយការចុះកិច្ចព្រៀមព្រៀងមួយ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការក្នុងការរុករករ៉ែ និងរ៉ែសំខាន់ ខណៈប្រទេសនេះស្វែងរកការបំពេញតម្រូវការដែកនៅក្នុងស្រុក ចំពេលមានការប្រកួតប្រជែងជាសកលសម្រាប់វត្ថុធាតុដើមកម្រៗ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២១ ខែកុម្ភៈ ឆ្នាំ ២០២៦។
កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខាក្រោមវត្តមាននាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និងប្រធានាធិបតីប្រេស៉ីល លោក Luiz Inacio Lula da Silva ដែលបានទៅដល់ទីក្រុង New Delhi កាលពីដើមសប្តាហ៍។ ថ្លែងក្នុងកិច្ចប្រជុំលោក Lula និងលោក Modi បានផ្តោតលើវិធីសាស្រ្តដើម្បីធ្វើឱ្យស៊ីជម្រៅនៃភាពជាដៃគូពាណិជ្ជកម្មឥណ្ឌា-ប្រេស៉ីល ។ លោក Modi ប្តេជ្ញាទទួលយកពាណិជ្ជកម្មទ្វេភាគីលើសពី ២០ពាន់លានដុល្លារក្នុងរយៈពេល ៥ឆ្នាំទៅមុខ។
ប្រេស៉ីល ជាប្រទេសមួយក្នុងចំណោមប្រទេសផលិតរ៉ែដែកលំដាប់កំពូលរបស់ពិភពលោក ហើយមានទុនបម្រុងដ៏មហាសាលនៃសារធាតុរ៉ែដែលមានសារៈសំខាន់ចំពោះការផលិតដែក។ កិច្ចសហប្រតិបត្តិការឥណ្ឌា-ប្រេស៉ីលនានេះ នឹងផ្តោតលើការទាក់ទាញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរុករករ៉ែ និងវិស័យដែក។ ឥណ្ឌាមានសមត្ថភាពផលិតដែកបាន ២១៨លានតោន ហើយក្រុមហ៊ុនកំពុងពង្រីកទិន្នផលដើម្បីបំពេញតម្រូវការក្នុងស្រុក ដែលចេះតែកើនឡើង ជំរុញដោយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហូបនីយកម្ម។
គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងឥណ្ឌា និងប្រេស៉ីលបច្ចុប្បន្នមានប្រមាណ ១៥ពាន់លាន ដុល្លារ។ ប្រទេសទាំងពីរគឺជាដៃគូយុទ្ធសាស្ត្រតាំងពីឆ្នាំ ២០០៦ ដោយមានកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការពារជាតិ ថាមពល កសិកម្ម សុខាភិបាល រ៉ែសំខាន់ៗ បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល៕






